ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈយោគយល់ ជាមួយក្លិបអ្នកកាសែតកម្ពុជា ដើម្បីពង្រឹងការផ្សព្វផ្សាយវិស័យកសិកម្ម
28-08-2026 16:23
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។
នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះ គឺលោក ចាន់ ស៊ីហា អគ្គនាយករងធនាគារ ARDB ធ្វើជាតំណាងធនាគារ និងលោក លាង ដឺលុច នាយកប្រតិបត្តិ ក្លិបអ្នកកាសែតកម្ពុជា ជាអ្នកចុះហត្ថលេខាផ្ទាល់ ហើយពិធីនោះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំធនាគារ និងសមាជិកក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងបងប្អូនអ្នកសារព័ត៌មាន មកពីអង្គភាពមួយចំនួន។
លោកបណ្ឌិត កៅ ថាច បានចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះ នឹងមិនត្រឹមតែជួយបង្កើនការផ្សព្វផ្សាយអំពីវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយបង្កើតបរិយាកាសមួយ ដែលព័ត៌មានចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។
លោកបណ្ឌិតប្រតិភូ បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា មានតម្លៃជាងការផ្សព្វផ្សាយអំពីស្ថាប័ន ពោល នេះជាកិច្ចសហប្រតិបត្តិការដើម្បីបង្កើតចំណេះដឹងបង្កើនការយល់ដឹង និងភ្ជាប់ព័ត៌មានទៅនឹងឱកាសអភិវឌ្ឍន៍ជាក់ស្តែង។
អនុស្សរណៈនៃការយោគយល់គ្នា គោលបំណងសំខាន់ៗចំនួន៣៖
ទីមួយ៖ សហការរៀបចំកម្មវិធីកិច្ចពិភាក្សាកិច្ចសម្ភាសន៍ និងវេទិកាពិភាក្សាដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យកសិកម្ម ការកែច្នៃកសិផលនិងវិស័យបៃតងជូនសាធារណជន
ទីពីរ៖ សហការផ្តល់ព័ត៌មាន ទិន្នន័យនិងខ្លឹមសារពាក់ព័ន្ធពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនស្ថាប័នសារព័ត៌មាន ដើម្បីគាំទ្រការផ្សព្វផ្សាយឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានមូលដ្ឋានព័ត៌មានគ្រប់គ្រាន់
សម្រាប់ទីបីចុងក្រោយ៖ ធ្វើទស្សនកិច្ចយកព័ត៌មាន និងបទយកការណ៍នៅតាមមូលដ្ឋាន និងទីតាំងអនុវត្តហិរញ្ញប្បទាន ដើម្បីឱ្យអ្នកសារព័ត៌មាន អាចមើលឃើញដោយផ្ទាល់ពីសកម្មភាព លទ្ធផលនិងបញ្ហាប្រឈមរបស់កសិករ សហគមន៍និងសហគ្រាសផងដែរ៕










