FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាផ្តល់យោបល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ពង្រឹងគុណភាពបណ្តុះបណ្តាល

28-08-2026 16:21

(ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាផ្តល់យោបល់ ក្រោមអធិបតីភាពលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត ព្រមទាំងលោក-លោកស្រីជាសមាជិក សមាជិកា និងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធជាច្រើនរូប ដើម្បីពិភាក្សា និងពង្រឹងគុណភាព ក៏ដូចជាប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

នៅក្នុងឱកាសនោះ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានធ្វើរបាយការណ៍សង្ខេបបង្ហាញអំពីវឌ្ឍនភាពការងារ ស្ថានភាពទូទៅ ដំណើរការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារសិក្សា ព្រមទាំងបញ្ហាប្រឈម និងទិសដៅការងារសំខាន់ៗដែលវិទ្យាស្ថានកំពុងអនុវត្ត។ នេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងខេត្ត និងតំបន់សេដ្ឋកិច្ចពិសេសនានា ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។

លោកឧកញ៉ា សុក រ៉ាដូ បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងលោកគ្រូ-អ្នកគ្រូនៃវិទ្យាស្ថាន។ លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតួនាទីរបស់ក្រុមប្រឹក្សាផ្តល់យោបល់ ដែលជាស្ពានចម្លងមិនអាចខ្វះបានក្នុងការតភ្ជាប់រវាងរដ្ឋបាលខេត្ត វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល សំដៅរួមចំណែកអភិវឌ្ឍធនធានមនុស្ស ប្រែក្លាយយុវជនឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយចីរភាព៕