FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌចំការមន បង្ក្រាបទីតាំងលួចនាំចូលសម្ភារគេចពន្ធ រឹបអូសទូរស័ព្ទជិត ៣,០០០គ្រឿង

28-08-2026 16:21

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងការលួចនាំចូលសម្ភារគេចពន្ធ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅផ្ទះលេខ១២៨G១០ ដែលស្ថិតនៅមហាវិថីសម្ដេចសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល នៃការត្រួតពិនិត្យ ក្រុមការងារចម្រុះបានរកឃើញ និងរឹបអូសសម្ភារសង្ស័យមួយចំនួនធំ រួមមាន៖ ទូរស័ព្ទចំនួន ៤២ កេះតូចធំ ប្រហាក់ប្រហែល ៣,០០០ គ្រឿង, កុំព្យូទ័រ All In One ចំនួន ២១១គ្រឿង, CPU ចំនួន ១៦ គ្រឿង, ម៉ូនីទ័រ ចំនួន ០៩គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន ១៦គ្រឿង។

សម្ភារទាំងនេះត្រូវបានសង្ស័យថាជាទំនិញគេចពន្ធដែលត្រូវបាននាំចូលដោយខុសច្បាប់។

ចំពោះសម្ភារខាងលើ ក្រុមការងារចម្រុះបានបញ្ជូនទៅកាន់ការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីជំនាញ។

ដោយឡែក ចំពោះជនសង្ស័យចំនួន ៧នាក់ ក្នុងនោះជនជាតិខ្មែរ ៦នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំ រីឯជនជាតិចិន ០១នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការតាមផ្លូវច្បាប់៕