FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើជំរុញគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ បង្កើត «បណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា» ដើម្បីកសាងសន្តិភាពសកល

28-08-2026 16:10

(ភ្នំពេញ)៖ នៅក្នុងពិធីបិទ «សន្និសីទប្រធានសភាអន្តរជាតិ លើកទី២ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសហគមន៍អន្តរសភា រួមគ្នាកែប្រែគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ឱ្យក្លាយជាសកម្មភាពជាក់ស្តែង តាមរយៈការបង្កើត «បណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា»។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បណ្តាញអន្តរជាតិថ្មីនេះ មិនមែនបង្កើតឡើងដើម្បីជំនួសយន្តការសម្រុះសម្រួលដែលមានស្រាប់នោះទេ ប៉ុន្តែគឺជាវេទិកាសហគមន៍អន្តរជាតិបន្ថែមមួយទៀត ដែលអនុញ្ញាតឱ្យបណ្តាប្រទេសទាំងអស់ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកល លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។

ការបង្កើតបណ្តាញអន្តរសភានេះ បានកើតឡើងចំពេលដែលពិភពលោកកំពុងស្ថិតនៅក្នុងចំណុចរបត់សំខាន់ និងប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំង រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ វិវាទដែនដី និងបញ្ហាសន្តិសុខមិនមែនប្រពៃណីជាច្រើនទៀត ដែលបញ្ហាទាំងនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារការបាត់បង់អភិបាលកិច្ចសកល និងការខ្វះខាតទំនុកចិត្តជាយុទ្ធសាស្ត្រ។

ទន្ទឹមគ្នានេះ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះតែម្នាក់ឯងបានឡើយ ពោលគឺទាមទារឱ្យគ្រប់ភាគីត្រូវតែគិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងកសាងទំនុកចិត្តរួមគ្នា ព្រមទាំងរួមគ្នារឹតចំណងពង្រឹងវិធាន បទដ្ឋាន និងស្ថាប័នអន្តរជាតិ។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរួមគ្នាបដិសេធ «ច្បាប់ព្រៃ» និងទស្សនៈដែលយល់ថា «អ្នកខ្លាំងគឺជាអ្នកត្រូវ» ផងដែរ។

បន្ថែមលើនេះ ដោយផ្អែកលើទស្សនៈរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចរដ្ឋសភាធិបតី បានរំលេចអំពីទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍថា សន្តិភាពធ្វើឱ្យការអភិវឌ្ឍអាចសម្រេចទៅបាន ហើយភាពធន់នឹងជួយការពារនូវសមិទ្ធផលទាំងនោះ ខណៈដែលវិបុលភាពរួមគ្នានឹងពង្រឹងសាមគ្គីភាពសង្គម ហើយសាមគ្គីភាពសង្គមដ៏រឹងមាំ ក៏ធ្វើឱ្យសន្តិភាពកាន់តែមានភាពស្ថិតស្ថេរចីរកាល។

សូមបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសន្និសីទ ISC-2 ដោយព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ នាអគារអគ្គនាយកដ្ឋានពន្ធដារ រាជធានីភ្នំពេញ៕