ប្រមុខការទូតកម្ពុជា៖ ច្បាប់អន្តរជាតិអាចបំពេញតួនាទីបាន លុះត្រាតែវាត្រូវបានគោរពយ៉ាងជាប់លាប់, យើងមិនអាចការពារច្បាប់អន្តរជាតិ តែពេលដែលវាបម្រើផលប្រយោជន៍ភ្លាមៗរបស់យើង ហើយមើលរំលងនៅពេលដែលវាមិនស្របនឹងផលប្រយោជន៍យើងទេ
28-08-2026 15:32
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា តាមរយៈសុន្ទរកថាពិសេស ក្នុងវេទិកាកិច្ចពិភាក្សាទូទៅនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានគូសរំលេចអំពីគុណតម្លៃនៃច្បាប់អន្ដរជាតិ ដែលផ្ដល់ផលប្រយោជន៍រួមដល់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោកមិនថាប្រទេសតូច ឬប្រទេសធំ។
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានអះអាងថា ច្បាប់អន្តរជាតិពិតផ្តល់នូវក្របខណ្ឌរួម ដែលប្រទេសធំ និងប្រទេសតូចអាចការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងរស់នៅរួមគ្នាដោយសន្តិភាព និងសេចក្តីថ្លៃថ្នូរ ប៉ុន្ដែច្បាប់អន្តរជាតិអាចបំពេញតួនាទីនេះបាន លុះត្រាតែត្រូវបានគោរពយ៉ាងជាប់លាប់។ លោកបន្ដថា បណ្ដាប្រទេសនានាមិនអាចការពារច្បាប់អន្តរជាតិ តែនៅពេលដែលច្បាប់នោះបម្រើផលប្រយោជន៍ភ្លាមៗ ហើយមើលរំលងនៅពេលដែលច្បាប់នោះមិនស្របនឹងផលប្រយោជន៍របស់ខ្លួននោះឡើយ។
ប្រមុខការទូតកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ច្បាប់អន្តរជាតិផ្តល់នូវក្របខណ្ឌរួម ដែលប្រទេសធំ និងប្រទេសតូចអាចការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងរស់នៅរួមគ្នាដោយសន្តិភាព និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែច្បាប់អន្តរជាតិអាចបំពេញតួនាទីនេះបាន លុះត្រាតែវាត្រូវបានគោរពយ៉ាងជាប់លាប់។ យើងមិនអាចការពារច្បាប់អន្តរជាតិ តែនៅពេលដែលវាបម្រើផលប្រយោជន៍ភ្លាមៗរបស់យើង ហើយមើលរំលងវានៅពេលដែលវាមិនស្របនឹងផលប្រយោជន៍របស់យើងបានឡើយ»។
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានគូសបញ្ជាក់ដែរថា ធម្មនុញ្ញអង្គការសហប្រជាជាតិ នៅតែជាមូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធាន។ គោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ មានភាពច្បាស់លាស់ រួមមាន សមភាពអធិបតេយ្យរបស់រដ្ឋ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការបដិសេធការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី។
បើតាមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន, គោលការណ៍ទាំងនេះមិនមែនជាគោលគំនិតច្បាប់អរូបីទេ ប៉ុន្ដែជាវិធានការការពារជាក់ស្តែងសម្រាប់សន្តិភាព និងស្ថិរភាពអន្តរជាតិ។ ធម្មនុញ្ញអង្គការសហប្រជាជាតិ មានសារៈសំខាន់ជាពិសេសក្នុងការធានាថា ទំនាក់ទំនងរវាងរដ្ឋត្រូវបានគ្រប់គ្រងដោយវិធានដែលបានព្រមព្រៀងគ្នា មិនមែនដោយភាពខុសគ្នាផ្នែកយោធា នយោបាយ ឬសេដ្ឋកិច្ចឡើយ៕










