ប្រមុខការទូតកម្ពុជា៖ កម្ពុជា-ថៃ កំពុងចូលរួមក្នុងដំណើរការផ្សះផ្សា UNCLOS ជាកាតព្វកិច្ច, កម្ពុជាសង្ឃឹមថា ដំណើរការនេះនឹងប្រព្រឹត្តទៅដោយសុចរិតភាព និងភាពស្មោះត្រង់
28-08-2026 15:21
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា កម្ពុជា-ថៃ កំពុងចូលរួមក្នុងដំណើរការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ហើយកម្ពុជាសង្ឃឹមថា ដំណើរការនេះនឹងប្រព្រឹត្តទៅដោយសុចរិតភាព និងភាពស្មោះត្រង់ ហើយនឹងរួមចំណែកដល់ដំណោះស្រាយដែលអាចទទួលយកបានដោយភាគីទាំងពីរ ដោយផ្អែកយ៉ាងរឹងមាំលើច្បាប់អន្តរជាតិ។
ថ្លែងក្នុងសុន្ទរកថាពិសេសក្នុងកិច្ចពិភាក្សានៃសន្និសីទ ISC-2 នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងដូចនេះថា ចំពោះព្រំដែនសមុទ្រ បន្ទាប់ពីប្រទេសថៃ បានបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU 2001) ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលមានសម្រាប់ដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ កម្ពុជាត្រូវបានបង្ខំឱ្យចាប់ផ្តើមដំណើរការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ការផ្សះផ្សាប្រកបដោយជោគជ័យរវាងទីម័រខាងកើត និងអូស្ត្រាលី ដែលជាករណីដំបូងនៃបញ្ហាប្រភេទនេះ គឺជាគំរូវិជ្ជមាន និងផ្តល់ក្តីសង្ឃឹម។ វាបង្ហាញថា សូម្បីតែវិវាទដែនសមុទ្រដ៏ស្មុគស្មាញ និងអូសបន្លាយយូរឆ្នាំ ក៏អាចដោះស្រាយបានដោយស្ថាបនា នៅពេលដែលរដ្ឋមានទំនុកចិត្តលើច្បាប់អន្តរជាតិ និងចូលរួមក្នុងដំណើរការដោយស្មោះស្ម័គ្រ។ ការប្តេជ្ញាចិត្តចំពោះមធ្យោបាយសន្តិវិធីដូចគ្នានេះ ក៏ជាមូលដ្ឋាននៃវិធីសាស្ត្ររបស់កម្ពុជាចំពោះបញ្ហាព្រំដែនគោកផងដែរ។
សូមបញ្ជាក់ដែរថា ប្រទេសថៃ បានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU 2001) នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះបានធ្វើឡើងបើទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យរក្សាយន្តការទ្វេភាគីនេះក៏ដោយ។ MOU-2001 គឺជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលប្រទេសទាំងពីរ ដែលបានប្រើប្រាស់អស់រយៈពេលជាង ២៥ឆ្នាំ ដើម្បីដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នានៅឈូងសមុទ្រថៃ និងស្វែងរកលទ្ធភាពអភិវឌ្ឍធនធានរួម។
ជាការឆ្លើយតបចំពោះការបញ្ចប់ MOU-2001 ដោយថៃនេះ កម្ពុជាបានជ្រើសរើសប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន។ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការសម្រេចចិត្តចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS)៕










