FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញក្មេងតូចៗកើតជំងឺពងបែកដៃ-ជើង នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី

28-08-2026 14:41

(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកអនុបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះទៅពិនិត្យ និងអន្តរាគមន៍បន្ទាន់ករណីផ្ទុះជំងឺពងបែកដៃ-ជើង (Hand, Foot, and Mouth Disease) លើកុមារា-កុមារីមួយចំនួន នៅក្នុងភូមិឃុំប៉ាក់កាឡាន់ ស្រុកវ៉ើនសៃ។

ក្នុងបេសកកម្មចុះពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ លោកប្រធានមន្ទីរបានរកឃើញកុមារា-កុមារីប្រមាណ ៧ ទៅ ៨ នាក់ បានកើតជំងឺពងបែកដៃ-ជើង។ ក្រោយពីពិនិត្យស្ថានភាពជាក់ស្តែងរួចរាល់ លោកអនុបណ្ឌិត ជា សានិត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលពាក់ព័ន្ធ ឲ្យបញ្ជូនអ្នកជំងឺទាំងអស់ទៅកាន់មន្ទីរពេទ្យខេត្តជាបន្ទាន់។

ជាមួយគ្នានេះ លោកក៏បានស្នើឲ្យរថយន្តរបស់មណ្ឌលសុខភាពស្រុកវ៉ើនសៃ មកចាំទទួលអ្នកជំងឺដល់កំពង់ដ ស្រុកវ៉ើនសៃ ដើម្បីធានាការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា។

ក្រៅពីការផ្តល់ការព្យាបាលបឋមដល់កុមារដែលមានរោគសញ្ញា ក្រុមការងារសុខាភិបាលក៏បានធ្វើការអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីវិធានការការពារ និងបង្ការជំងឺពងបែកដៃ-ជើងដល់អាណាព្យាបាល និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។

វិធានការទាំងនោះរួមមាន ការរក្សាអនាម័យខ្លួនប្រាណដោយលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ការសម្អាតបរិស្ថាន និងសម្ភារប្រើប្រាស់របស់កុមារឲ្យបានស្អាត ការចៀសវាងការប៉ះពាល់ផ្ទាល់ និងការដាក់ឲ្យកុមារដែលមានរោគសញ្ញានៅដាច់ដោយឡែកពីគេ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ។

អាជ្ញាធរសុខាភិបាលខេត្ត សូមអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានសុខភាពកូនៗឲ្យបានដិតដល់។ ប្រសិនបើកុមារមានសញ្ញាសង្ស័យ ឬមានអាការៈប្រែប្រួលប្លែក ដូចជា ក្តៅខ្លួនខ្លាំងមិនចុះ អស់កម្លាំង ឬក្អួត សូមប្រញាប់បញ្ជូនកុមារទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា ចៀសវាងផលវិបាកធ្ងន់ធ្ងរ៕