FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន

28-08-2026 14:29

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនជាតិថៃម្នាក់ ទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបញ្ជូនខ្លួននេះ ធ្វើឡើងក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន បានបង្រ្កាបកាលពីវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបត្តិការនោះ ជនសង្ស័យឈ្មោះ ស៊ុនថន ផាតថាមិត ហៅ ឡត អាយុ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទថ្នាំគ្រាប់ WY ចំនួន ០៩គ្រាប់ ទម្ងន់ ១,២៩ក្រាម និងសម្ភារប្រើប្រាស់មួយចំនួន។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា ក្រោយការសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីលក់ និងប្រើប្រាស់ដោយខ្លួនឯងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនបន្តមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបន្ថែមថា ប្រតិបត្តិការនេះ ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ការបង្រ្កាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កងកម្លាំងក្នុងការប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន ដើម្បីសន្តិសុខសង្គម៕