អាជ្ញាធរទុកពេល ៣០ថ្ងៃ ឱ្យបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងការទន្ទ្រានដីធ្លីខុសច្បាប់ ក្នុងស្រុកចំនួន៤ ក្នុងខេត្តក្រចេះ
28-08-2026 11:54
(ក្រចេះ)៖ ដើម្បីទប់ស្កាត់ បញ្ឈប់ និងការពារធនធានធម្មជាតិព្រមទាំងបរិស្ថានឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តក្រចេះ ប្រកាសទុកពេលចំនួន ៣០ថ្ងៃ ឱ្យបញ្ឈប់រាល់សកម្មភាពរុករក និងអាជីវកម្មរ៉ែខុសច្បាប់ ក្នុងស្រុកស្នួល ស្រុកអូរគ្រៀងសែនជ័យ ស្រុកចិត្របុរី និងស្រុកសំបូរ នៃខេត្តក្រចេះ មុនពេលអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការការច្បាប់ពាក់ព័ន្ធនឹងបទល្មើសធនធានរ៉ែ និងដីធ្លី។
របស់សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតំបន់អូរត្រូន តំបន់ផ្សេងៗទៀត ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងអ្នកពាក់ព័ន្ធទាំងអស់ជ្រាបថា គណៈកម្មការខេត្តដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះត្រួតពិនិត្យ បង្ក្រាប និងបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ ជាបន្តបន្ទាប់ ប៉ុន្តែក៏នៅសង្កេតឃើញការធ្វើសកម្មភាពលួចលាក់ខុសច្បាប់មួយចំនួន និងការចូលរើរានទន្ទ្រានកាន់កាប់ដីខុសច្បាប់ ព្រមទាំងការផ្ទេរ ទិញ-លក់ ដីព្រៃខុសច្បាប់ផងដែរ។
ដូច្នេះដើម្បីទប់ស្កាត់ និងបញ្ឈប់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ព្រមទាំងការពារ និងអភិរក្សធនធានធម្ម ជាតិ និងបរិស្ថានឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដូចជា៖ ត្រូវបញ្ឈប់ធ្វើសកម្មភាព ការជីករុករក និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់។ ត្រូវបញ្ឈប់រាល់ការចរាចររំសេវជាតិផ្ទុះ និងសារធាតុគីមីផ្សេងៗដែលខុសច្បាប់។ ត្រូវបញ្ឈប់ការចូលទន្ទ្រានរើរានដីខុសច្បាប់ ការផ្ទេរ ទិញ-លក់ ដីព្រៃខុសច្បាប់ ដែលស្ថិតនៅលើដែន អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ និងអាជ្ញាបណ្ណស្វែងរុករក ដែលរាជរដ្ឋាភិបាលបានផ្តល់ សិទ្ធិទៅឱ្យក្រុមហ៊ុនរួចហើយ។
គណៈកម្មការខេត្តដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយទុករយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំង អស់រុះរើ និងបញ្ឈប់គ្រប់សកម្មភាពដូចបានជម្រាបជូនខាងលើ។ ក្នុងករណីបុគ្គលទាំងឡាយណា ដែលរារាំង និងគម្រាមកំហែងដល់ការចុះប្រតិបត្តិការរបស់គណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន៕




