នគរបាលកម្ពុជា ដាក់ឲ្យដំណើរការកម្មវិធី Kapea Scams ដើម្បីពលរដ្ឋរាយការណ៍ អំពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
28-08-2026 11:35
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទឈ្មោះ Kapea Scams ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ អាចរាយការណ៍អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬករណីសង្ស័យថាខ្លួនត្រូវបានគេក្លែងបន្លំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កម្មវិធី Kapea Scams នេះក៏បង្ហាញអំពីគន្លឹះនៃការការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ សុខ នីត្យា, កម្មវិធី Kapea Scams ជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ព្រោះថានៅក្នុងកម្មវិធីនេះអាចរាយការណ៍គ្រប់ករណីដែលសង្ស័យជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆាប់រហ័ស និងឈានទៅចាត់វិធានការបន្ទាន់ភ្លាមៗ។
លោកឧត្តមសេនីយ៍ទោ សុខ នីត្យា បានគូសបញ្ជាក់ទៀតថា នៅពេលទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចនឹងបិទការហៅចូលដោយស្វ័យប្រវត្តិ នូវលេខទូរស័ព្ទដែលកំណត់ថាពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Block Call)។
បន្ថែមពីនេះ សមត្ថកិច្ចជំនាញនឹងប្រើប្រាស់ព័ត៌មាន ឬទិន្នន័យដែលទទួលបានពីការរាយការណ៍ របស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានផ្សព្វផ្សាយសារអប់រំ ដាស់តឿនផ្សេងៗ ដល់សាធារណជនតាមរយៈសារអេឡិចត្រូនិចរបស់ទូរស័ព្ទ ចល័ត (SMS)។ ប្រើប្រាស់នូវទិន្នន័យដែលប្រមូល និងវិភាគបាន មកអភិវឌ្ឍ ឬបង្កើតលើប្រព័ន្ធនានា ដើម្បីជាប្រយោជន៍រួមរបស់សាធារណជន និងសង្គមជាតិ៕









