កម្ពុជា, រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង បន្តសហការភាពជាដៃគូលើវិស័យអប់រំ
28-08-2026 11:28
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង ស្ដីពីកិច្ចសហការភាពជាដៃគូវិស័យអប់រំ ដោយមានការចូលរួមពីសំណាក់លោក Dominic Williams ឯកអគ្គរាជទូតរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើងប្រចាំកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។
ក្នុងឱកាសនេះតាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពី កិច្ចសហការភាពជាដៃគូវិស័យអប់រំ ជាមួយរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង ដែលមានលោកស្រី Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាតំណាង។
អនុស្សរណៈយោគយល់គ្នាលើកិច្ចសហការដៃគូវិស័យអប់រំ ត្រូវបានរៀបចំឡើងដើម្បីបង្កើតក្របខ័ណ្ឌមួយជាក់លាក់ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងភាគីពាក់ព័ន្ធនៅក្នុងវិស័យអប់រំ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអប់រំកម្ពុជា ឆ្នាំ២០២៤-២០២៨ ។ តាមរយៈការចុះ MOU នេះ ភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ (១) ការអប់រំបឋមសិក្សា (២) កិច្ចសហការឧត្តមសិក្សា និងភាពជាដៃគូរវាងស្ថាប័ន និង (៣) កម្មវិធីអាហារូបករណ៍ និងភាពជាដៃគូ។
ក្នុងឱកាសនេះលោក Dominic Williams បានរំលេចពីភាពជាដៃគូរវាងព្រីតថេន និងកម្ពុជា ដោយផ្តោតសំខាន់លើវិស័យអប់រំ ដែលជាកត្តាជំរុញការអភិវឌ្ឍ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ពីការបន្តគាំទ្រដល់ស្ថាប័នអប់រំរបស់កម្ពុជា រួមទាំងសាកលវិទ្យាល័យ De Montfort ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជានៅឆ្នាំបន្តបន្ទាប់។
នាឱកាសនេះដែរ លោកស្រីរដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានលើកឡើងថា ព្រីតថេននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យអប់រំ ក្នុងការចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅពេលយើងនិយាយអំពីការអប់រំ យើងតែងតែនឹកឃើញដល់សាលារៀន សាកលវិទ្យាល័យ សញ្ញាបត្រ និងជំនាញ ប៉ុន្តែតាមពិត ខ្លឹមសារសំខាន់នៃការអប់រំ គឺស្ថិតនៅលើការផ្តល់ «កាលានុវត្តភាព» សម្រាប់ប្រជាជន និងប្រទេសជាតិ។ ក្នុងន័យនេះ ការចុះ MOU ថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ការគោរពគ្នាទៅវិញទៅមក និងការវិនិយោគលើធនធានមនុស្សកម្ពុជា។
លើកឡើងក្នុងឱកាសនេះដែរលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ ដែលកំពុងរីកចម្រើនជាលំដាប់ ដែលក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យ ការផ្តល់អាហារូបករណ៍តាមរយៈកម្មវិធី ASEAN–UK SAGE និង Chevening ព្រមទាំងការរួមចំណែកពង្រឹងប្រព័ន្ធអប់រំកម្ពុជាតាមរយៈអង្គការ GPE (Global Partnership for Education) ដែលព្រីតថេនជាសមាជិក និងជាស្ថាបនិក។
ភាពជាដៃគូទាំងនេះបានបង្កើតនូវកាលានុវត្តភាពដ៏មានតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍសមត្ថភាពនិស្សិត ឱកាសវិនិយោគ និងការផ្តល់កម្មវិធីអប់រំដែលមានគុណភាពខ្ពស់ បានរួមចំណែកដល់ការកសាងសមត្ថភាព ការគាំទ្រកំណែទម្រង់វិស័យអប់រំ ការអភិវឌ្ឍជំនាញ និងការកសាងមូលធនមនុស្សនៅកម្ពុជា ដែលឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលព្រីតថេន ចំពោះមិត្តភាពដ៏យូរអង្វែង និងការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេសលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស ជំនាញ និងជំនួយមនុស្សធម៌នាពេលកន្លងមក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនាឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបំប្លែងការប្តេជ្ញាចិត្តរួមគ្នាឱ្យទៅជាសកម្មភាពជាក់ស្តែង ការពង្រឹងស្ថាប័ន កាលានុវត្តភាពសម្រាប់យុវជន និងផលប្រយោជន៍ជាជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕









