រដ្ឋមន្ត្រីវប្បធម៌៖ អំណាចទន់នៃសិល្បៈភាពយន្ត ជាឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយប្រទេសមួយ ទៅកាន់ពិភពលោក
28-08-2026 10:25
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា អំណាចទន់នៃសិល្បៈភាពយន្តមិនត្រឹមតែផ្តល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយពីសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ប្រពៃណី និងទំនៀមទម្លាប់រស់នៅរបស់ប្រជាជន នៃប្រទេសមួយទៅកាន់ពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងការលើកកម្ពស់កិត្យានុភាពជាតិ។
លោកស្រីបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់ពានរង្វាន់ មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពី នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ប្រធានមេប្រយោគ នៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូប។
លោកស្រី ភឿង សកុណា បានលើកឡើងថា ភាពយន្ត គឺជាសិល្បៈសកលមួយ ដែលអាចឱ្យយើងស្វែងយល់ពីគ្រប់សម័យកាល និងគ្រប់ទីកន្លែង ហើយក៏ជាស្ពានតភ្ជាប់ទំនាក់ទំនងនៃប្រជាជាតិមួយទៅកាន់ពិភពលោក។ ជាពិសេសក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយភាពយន្តកំពុងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ បង្កើនភាពទាក់ទាញ និងជំរុញការធ្វើដំណើររបស់ភ្ញៀវទេសចរផងដែរ។
លោស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «អំណាចទន់នៃសិល្បៈភាពយន្តមិនត្រឹមតែផ្តល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយពីសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ សិល្បៈស្ថាបត្យកម្ម ប្រពៃណី និងទំនៀមទម្លាប់រស់នៅរបស់ប្រជាជន នៃប្រទេសមួយទៅកាន់ពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងការលើកកម្ពស់កិត្យានុភាពជាតិ។ ជាមួយគ្នានេះ ទេសចរណ៍ភាពយន្ត ក៏ជួយរួមចំណែកដល់ការបង្កើតការងារ និងប្រាក់ចំណូលសម្រាប់សហគមន៍មូលដ្ឋានតាមរយៈការផ្តល់សេវាកម្ម ការស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន មគ្គុទ្ទេសក៍ទេសចរណ៍ សិប្បកម្ម សិល្បៈទស្សនីយភាព និងផលិតផលវប្បធម៌ជាដើម»។
សូមជម្រាបថា ដោយពិនិត្យឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្តនៅកម្ពុជា ដោយបានចាត់ទុកទេសចរណ៍ភាពយន្ត ជាទម្រង់ទេសចរណ៍បែបច្នៃប្រតិដ្ឋថ្មីមួយ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសកល៕










