មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សានាំចេញផលិតផលទឹកដោះគោអាម៉េរិក ជួបពិភាក្សាដើម្បីជំរុញសក្តានុពលទីផ្សារ និងឱកាសវិនិយោគលើវិស័យម្ហូបអាហារ
28-08-2026 10:18
(ភ្នំពេញ)៖ លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្មីៗនេះបានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Krysta Harden ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមប្រឹក្សានាំចេញផលិតផលផលិតពីទឹកដោះគោសហរដ្ឋអាម៉េរិក (U.S. Dairy Export Council - USDEC) និងសហការី ដើម្បីពិភាក្សាការងារអំពីសក្តានុពលទីផ្សារ និងឱកាសវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ជាពិសេសក្នុងផ្នែកអាហារូបត្ថម្ភ។
ក្នុងជំនួបនេះ លោក រដ្ឋ សារ៉ាវុធ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិកមកលើទីផ្សារកម្ពុជា ដែលនឹងផ្តល់ជម្រើសផលិតផលមានគុណភាពជាច្រើនថែមទៀតជូនដល់អ្នកប្រើប្រាស់កម្ពុជា។
ក្នុងន័យនេះ លោក រដ្ឋ សារ៉ាវុធ បានជម្រាបជូនគណៈប្រតិភូអំពីលក្ខខណ្ឌ និងនីតិវិធីចាំបាច់សម្រាប់ការនាំចូលផលិតផលមកកាន់កម្ពុជា ព្រមទាំងបានរំលេចអំពីឱកាសទីផ្សារ កិច្ចសម្រួលពាណិជ្ជកម្ម និងជាពិសេសការលើកទឹកចិត្តផ្នែកវិនិយោគរបស់កម្ពុជាប្រកបដោយបរិយាបន្ន និងគ្មានការរើសអើង។
ជាកិច្ចឆ្លើយតប លោកស្រី Krysta Harden បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មាន និងការបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពសម្រាប់គ្រប់ក្រុមហ៊ុន ដែលជាការលើកទឹកចិត្តដ៏មុតមាំសម្រាប់វិនិយោគិនអាមេរិកក្នុងការពិចារណាមកបណ្តាក់ទុននៅកម្ពុជា។
ក្នុងន័យនេះ លោកស្រី បានគូសបញ្ជាក់ថា USDEC នឹងបន្តសិក្សាពីសក្តានុពលទីផ្សារ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ទៅកាន់ក្រុមហ៊ុនជាសមាជិកទាំង១៣៤ របស់ខ្លួន ដើម្បីជំរុញឱ្យក្រុមហ៊ុនអាមេរិកកាន់តែច្រើនស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈបេសកកម្មធុរកិច្ចមកកាន់កម្ពុជានាពេលខាងមុខ៕






