អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
28-08-2026 10:14
(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខលោកស្រី មល់ ស្រ៊ឹម អនុប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាលនៃការិយាល័យប្រជាពលរដ្ឋខេត្តប៉ៃលិន និងលោក កែវ ស៊ីថា មេភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
នាឱកាសនោះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់លោកស្រី មល់ ស្រ៊ឹម និងលោក កែវ ស៊ីថា មេភូមិអូរដូនតាលើ និងក្រុមគ្រួសារ ត្រូវខិតខំព្យាបាលជំងឺឱ្យឆាប់ជាសះស្បើយ វិលមករកសុខភាពធម្មតាវិញ ដើម្បីចូលបំពេញការងារបម្រើជាតិ និងប្រជាជនក្នុងមូលដ្ឋានបន្តទៀត ហើយក្នុងនោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នឹងនៅជាមួយរួមសុខរួមទុក្ខជាមួយបងប្អូនយើងជានិច្ច។
លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោកស្រី មល់ ស្រ៊ឹម និងលោក កែវ ស៊ីថា ក្នុងនាមជាមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដោយការទទួលខុសត្រូចខ្ពស់ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងតាមមូលដ្ឋាន ប្រកប ដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គី និងភាពស្មោះត្រង់ចំពោះប្រទេសជាតិ ថ្នាក់ដឹកនាំ និងប្រជាជន។
នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបថ ពាក្យសំដីឱ្យបានសមរម្យជាមួយអ្នកជំងឺទើបមានការគាំទ្រ និងកោតសរសើរពីប្រជាពលរដ្ឋ៕










