FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆាបឆេះផ្ទះ ៥ខ្នងនៅស្រុកពាមរក៍ លោកអភិបាលខេត្តព្រៃវែងដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ទាន់ពេលវេលា

28-08-2026 09:55

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ជួយពន្លត់ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ស្ថិតក្នុងភូមិ២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ហេតុការណ៍នេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ដោយម្ចាស់ផ្ទះមានមុខរបរជាអ្នកលក់ និងបញ្ចូលធុងហ្គាស។

លោក សួន សុម៉ាលីន បានឱ្យដឹងថា ដោយក្នុងហេតុការអគ្គីភ័យនោះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤២ឡាន ដែលបានគ្រប់គ្រងស្ថានការណ៍បានរលត់ទាំងស្រុង ១០០% ដោយពុំមានប្រជាពលរដ្ឋណាមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយគ្រាន់តែកម្លាំងនគរបាលរងរបួសពុលផ្សែងភ្លើងតែប៉ុណ្ណោះ។ ករណីអគ្គិភ័យខាងលើគឺបណ្ដាលមកពីទូសេខ្សែភ្លើងដោយម្ចាស់ផ្ទះមានមុខរបរជាអ្នកលក់ និងបញ្ចូលធុងហ្គាស។

លោកអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង និងក្នុងនាមលោកផ្ទាល់សូមចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្ដីសោកស្ដាយជាពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងភូមិ២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់កម្លាំងកាយចិត្ត មនសិកា ឆន្ទៈ ដ៏មោះមុតរបស់កងកម្លាំងពាក់ពន្ធ័ទាំងអស់ រួមជាមួយអាជ្ញាធរដែនដី ព្រមទាំងប្រជាការពារ ប្រជាពលរដ្ឋទាំងអស់ដែលបានខ្នះខ្នែងជួយអន្តរាគមន៍ និងពន្លត់បានទាន់ពេលវេលា។

បន្ថែមលើសពីនេះ លោកបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ជាមួយគ្នានេះ សូមផ្ដាច់ចង្ក្រាន ភ្លើងធូប ទៀន ឬចង្ក្រានហ្គាស ឱ្យបានត្រឹមត្រូវរាល់ពេលចេញពីផ្ទះ ឬមុនពេលចូលគេង។ ពិនិត្យខ្សែភ្លើង និងឧបករណ៍ប្រើប្រាស់អគ្គិសនីជាប្រចាំ ដើម្បីជៀសវាងការឆ្លងចរន្តអគ្គិសនី។ ទុកដាក់ប្រេងសាំង ហ្គាស ឬវត្ថុងាយឆេះឱ្យឆ្ងាយពីកន្លែងមានភ្លើង ឬកម្ដៅខ្លាំងនិងត្រៀមឧបករណ៍ពន្លត់ផងដែរ៕