សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាត ដើម្បីជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦ ចំនួន១៥រូប
28-08-2026 09:19
(កំពង់ឆ្នាំង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាតសាខា អាណត្តិទី៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានគណ:កម្មាធិការ សាខាខេត្តអាណត្តិទី៥ និងជាអភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ នៃគណៈកម្មាធិការអាណត្តិទី៥ សមាសភាពអាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៨ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុប ២៤០នាក់ នាកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ។
ក្នុងដំណើរការអង្គសន្និបាត បានពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ ព្រមទាំង ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ ហើយ បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៦ ជាកញ្ចប់ និងសំងាត់។ ជាលទ្ធផលអង្គសន្និបាតបានគាំទ្រសមាសភាពទាំង១៥រូប របស់គណ:កម្មាធិការ សាខាអាណតិ្តទី៦ ដោយសំឡេង ៤៦លើ ៤៨សំឡេង។ អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង ជ្រើសរើស លោក ស៊ុន សុវណ្ណារិទ្ធ ជាប្រធាន, លោកស្រី ប៊ន សុភី ជាអនុប្រធានអចិន្រ្តៃយ៍, លោក ម៉ៅ តារា ជា អនុប្រធាន, លោក អ៊ុ សុភ័ក្រ ជាហេរញ្ញិក, លោកវេជ្ជប ណ្ឌិត ប្រាក់ វ៉ុន ជាលេខាធិការ និងសមាជិក សមាជិកា ១០រូបទៀត។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានប្រគល់សេចក្តីសម្រេច និងតែងតាំងប្រធាននិងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សរុបចំនួន២២នាក់ ជូន ព្រះធម្មវនវសីបណ្ឌិត ចន្ទ មុនី ព្រះបាឡាត់គណខេត្តកំពង់ឆ្នាំងស្តីទី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីអង្គសន្និបាត តាងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អាណត្តិទី៦ លោក ស៊ុន សុវណ្ណារិទ្ធ បានប្តេជ្ញាចិត្ត ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧របស់ចលនា អនុវត្តនូវគោលការណ៍ លក្ខខណ្ឌវិនិច្ឆ័យ, រក្សាសាមគ្គីភាពនៅក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការពិគ្រោះយោបល់ជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ឆ្នាំ២០២១-២០៣០ ដែលក្នុងនោះមានទិសដៅយុទ្ធសាស្ត្រចំនួន៥, កៀងគរមូលនិធិ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌របស់សាខា, បន្តការងារពង្រឹង ពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន ឲ្យចូលរួមនៅក្នុងសកម្មភាពអប់រំ សុខភាពសហគមន៍, យកចិត្តទុកដាក់ពង្រឹង និងពង្រីកសកម្មភាពយុវជនកាកបាទក្រហមកម្ពុជានៅគ្រឹះស្ថានសិក្សានានា ជាគំរូនៅក្នុងការងារមនុស្សធម៌នៅក្នុងសង្គម។ បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងប្រតិបត្តិការមនុស្សធម៌ រួមបក្សកម្លាំងដើម្បីរួមចំណែកក្នុងការកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។
ក្នុងឱកាសបិទសន្និបាតនោះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គសន្និបាត និងបានប្រកាសគាំទ្រ និងទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អាណត្តិទី៦ ព្រមទាំងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ដាក់ចេញយុទ្ធសាស្ត្របន្ថែមចំនួន៥ (២០២៦-២០៣០) រួមមាន ពង្រឹងភាពធន់សហគមន៍, ពង្រឹងភាពជាដៃគូ និងតម្លាភាព, បរិវត្តកម្មឌីជីថល និងអភិបាលកិច្ច, ធានានិរន្តរភាពហិរញ្ញវត្ថុ/ភស្តុភារ និងការអភិវឌ្ឍយុទ្ធជន-អ្នកស្ម័គ្រចិត្ត។ ជាមួយគ្នានេះលោកស្រីក៏បានផ្ដល់អនុសាសន៍សំខាន់ៗសម្រាប់ជំរុញការងារមនុស្សធម៌ ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាណត្តិទី៥ ដែលបានសម្រាលការលំបាកដល់ជនរងគ្រោះ និងងាយរគ្រោះបំផុតដែលត្រូវការឱ្យជួយបានទាន់ពេលវេលា។
បន្ទាប់ពីពិធិបិទសន្និបាត លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អាណតិ្តទី៦ បានបើកកិច្ចប្រជុំណែនាំការងារអភិបាល គ្រប់គ្រងជូន គណៈកម្មាធិការសាខាអាណត្តិទី៦ទើបជាប់ឆ្នោតថ្មី ក្រុមប្រតិបត្តិសាខា អនុសាខា ដើម្បីអនុវត្តការងារមនុស្សធម៌របស់សាខា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ទាន់ពេលវេលាក្នុងការជួយសម្រាលការលំបាកដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុតដែលត្រូវការឱ្យជួយ៕



























