FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

28-08-2026 00:17

(ពោធិ៍សាត់)៖ នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិត ជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។

ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានក្រុមជនអគតិមួយចំនួន បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានញុះញង់ បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានគូសបញ្ជាក់ថា ក្រោយពីក្រុមការងារបានចុះសាកសួរតៃកុងឡានខ្សែជាច្រើនរូប។ លទ្ធផលបង្ហាញថា តៃកុងឡានមួយចំនួនតូច បានបញ្ជាក់ថាធ្លាប់បាត់ប្រេងក្នុងអំឡុងពេលសាងសង់ផ្លូវជាតិលេខ៥ ប៉ុន្តែភាគច្រើនបំផុតបានអះអាងថា មិនដែលជួបប្រទះបញ្ហាបាត់ប្រេងនោះឡើយ។ ដោយឡែក តៃកុងឡានដែលជាអ្នកស្រុក ពោលគឺនៅឃុំបឹងខ្នារ ស្រុកបាកានផ្ទាល់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនដែលជួបប្រទះបញ្ហាបាត់ប្រេង សូម្បីតែមួយដង ទោះបីជាទុកឡានចោលក៏ដោយ។

ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរខេត្តបានដាក់ចេញនូវវិធានការរៀបចំទីកន្លែងឈប់សម្រាកប្រកបដោយសុវត្ថិភាព តាមដងផ្លូវ ដែលមានកងកម្លាំងមានសមត្ថកិច្ចឈរជើងការពារ និងចាំជួយអន្តរាគមន៍ជូនអ្នកដំណើរគ្រប់ពេលវេលា។

ដោយឡែករដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ បានទម្លាក់លេខទូរស័ព្ទទំនាក់ទំនងជាសាធារណៈ ដើម្បីឱ្យបងប្អូនអ្នកបើកបរ អាចរាយការណ៍ និងសុំជំនួយអន្តរាគមន៍បានទាន់ពេលវេលា នៅពេលជួបបញ្ហាប្រឈមណាមួយ។

ទោះបីជាលទ្ធផលនៃការចុះស្រាវជ្រាវបង្ហាញថា ការចោទប្រកាន់ភាគច្រើន ជាព័ត៌មានមិនពិត និងជាឧបាយកលរបស់ក្រុមបំពុលសង្គមក៏ដោយ ក៏គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តដាក់ចេញនូវវិធានការតឹងរ៉ឹងបន្ថែមទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនដល់អ្នកដំណើរ និងប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់៕