កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយពីច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងពេលមានជម្លោះប្រដាប់អាវុធ នៅសាកលវិទ្យាល័យការពារជាតិ
27-08-2026 23:04
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការជាមួយសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំបើកវគ្គផ្សព្វផ្សាយស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ» ជូនដល់នាយទាហាន យោធាចារ្យ និស្សិត និងសិក្ខាកាម សរុបចំនួន៥២០នាក់ ។
វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា ព្រមទាំងប្រតិភូ រួមជាមួយ ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃទីស្នាក់ការកណ្តាល ប្រតិភូអាយ.ស៊ី.អរ.ស៊ី. ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
វគ្គផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្តីអំពីច្បាប់មនុស្សធម៌អន្តរជាតិក្នុងពេលមានជម្លោះប្រដាប់អាវុធ កិច្ចការពារជនស៊ីវិល គោលការណ៍មនុស្សធម៌ ព្រមទាំងលើកកម្ពស់ការគោរពច្បាប់ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។
ក្នុងជំនួបពិភាក្សាការងារខាងលើនេះ លោកឧត្តមសេនីយ៍ឯក ដោក សុផា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការត្រឡប់មកចូលរួមសហប្រតិបត្តិការឡើងវិញរវាង ICRC និងសាកលវិទ្យាល័យការពារជាតិ។ លោកក៏បានរំលឹកអំពីលទ្ធផលផ្លែផ្កានានា នាពេលកន្លងមក និងបានឯកភាពរៀបចំជំនួបលម្អិតបន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សង្គ្រាម សម្រាប់និស្សិតនៅសាកលវិទ្យាល័យការពារជាតិ ដោយមានការបែងចែកក្រុមការងារទទួលបន្ទុកផ្នែកនីមួយៗឱ្យបានច្បាស់លាស់។
លើសពីនេះ លោកក៏បានស្នើឱ្យមានការពិភាក្សាស្វែងរកប្រធានបទសំខាន់ៗ ដើម្បីដាក់បញ្ចូលក្នុង «វេទិកាសន្តិសុខជាតិ» ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។
ជាការឆ្លើយតប លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន (Dorsa Nazemi-Salman) ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា បានសន្យាថានឹងបន្តគាំទ្រ សាកលវិទ្យាល័យការពារជាតិ (CNDU) ដោយរួមទាំងការផ្ញើសារ សហការទៅកាន់ស្ថានទូតអូស្ត្រាលី ស្ថានទូតកាណាដា និងភាគីពាក់ព័ន្ធនានា ដើម្បីកៀរគរ ការគាំទ្រដល់សាកលវិទ្យាល័យ។
នាឳកាសនោះភាគីទាំងពីរបានឯកភាពបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៦ ដោយកំណត់គោលដៅ ពេលវេលា និងសមាសភាពសិក្ខាកាមឲ្យបានច្បាស់លាស់ ដោយខាង CNDU នឹងចាត់ចែងសមាសភាពទទួលបន្ទុក រីឯខាង ICRC គឺមានលោក ថម ហ្កៃហ្សឺ (Tom Kaiser) ប្រធានប្រតិភូផ្នែកកងទ័ពប្រចាំតំបន់ ជាអ្នកដឹកនាំការពិភាក្សានៅពេលខាងមុខ។ ថ្លែងក្នុងពិធីនោះលោកស្រី ពុំ ចន្ទីនីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថាវគ្គផ្សព្វផ្សាយនេះមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់ចំណេះដឹង និងការយល់ដឹងស៊ីជម្រៅអំពីច្បាប់មនុស្សធម៌អន្តរជាតិ ដល់កងកម្លាំងប្រដាប់អាវុធ ដែលជាឆ្អឹងខ្នងការពារជាតិ សន្តិសុខ និងអធិបតេយ្យភាព។
លោកស្រីបានបន្ថែមថា ការយល់ដឹងអំពី IHL មិនត្រឹមតែពង្រឹងសមត្ថភាពលើទីលានប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា កងទ័ពកម្ពុជា អនុវត្តបានត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិ ក្នុងការកាត់បន្ថយ ការឈឺចាប់របស់មនុស្សជាតិ និងការពារជនស៊ីវិលក្នុងពេលមានជម្លោះ។
នាឳកាសនោះឧត្តមសេនីយ៍ឯក ដោក សុផា តាងនាមគណៈគ្រប់គ្រងសាកលវិទ្យាល័យការពារជាតិ បានសម្តែងនូវអរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC និងកាកបាទក្រហមកម្ពុជា ដែលតែងតែបំពេញបេសកកម្មមនុស្សធម៌យ៉ាងសកម្ម និងបានជួយសម្របសម្រួល កិច្ចការមនុស្សធម៌ជាច្រើន រួមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសខ្លួន និងយោធិនកម្ពុជា។
លោកសេនីយ៍ឯក បានជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំង ៥២០នាក់ នឹងយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ ដើម្បីក្រសោបយកចំណេះដឹងទាំងនេះ ទៅអនុវត្តក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គផ្សព្វផ្សាយនេះ គឺជាជំហានថ្មីមួយទៀត ក្នុងការឆ្លើយតបទៅនឹងប្រែប្រួល នៃសន្តិសុខសកលលោកបច្ចុប្បន្ន រួមទាំងបញ្ហាសន្តិសុខសាយប័រ (Cybersecurity) ដោយធានាថានាយទាហានកម្ពុជា ទទួលបាននូវការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងស្របតាមបទដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងពិតប្រាកដ៕






























