តុលាការខេត្តកោះកុង ឃុំខ្លួននគរបាល ៣នាក់ និងអ្នកបកប្រែម្នាក់ ដែលគប់គិតឲ្យចិន ២នាក់ លួចរត់ចេញពីស្នងការដ្ឋាន ក្រោយចាប់ខ្លួនរឿង Online Scams
27-08-2026 22:21
(កោះកុង)៖ តុលាការខេត្តកោះកុង សម្រេចឃុំខ្លួននគរបាល ៣នាក់ និងអ្នកបកប្រែម្នាក់ ដែលគប់គិតឲ្យចិន ២នាក់ លួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើស Online Scams។ តែយ៉ាងណាជនជាតិចិនទាំង ២នាក់នេះ ត្រូវតាមចាប់មកវិញហើយ ដោយម្នាក់ចាប់នៅខេត្តព្រះសីហនុ និងម្នាក់ទៀតចាប់នៅខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ដែរថា ទាំងជនជាតិចិន, នគរបាល និងអ្នកបកប្រែម្នាក់ មានឈ្មោះដូចជា ១៖ ឈ្មោះ XU FENG ភេទប្រុស កើតឆ្នាំ១៩៧៨ ជនជាតិចិន (គេចខ្លួន) ២៖ ឈ្មោះ BI RUI ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិចិន (គេចខ្លួន) ៣៖ ឈ្មោះ សារ៉ាតឌី ដេឆា ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៤៖ ឈ្មោះ LIN YU ហៅ ឡុង ភេទប្រុស កើតឆ្នាំ២០០៣ ជនជាតិចិន (ឃាត់ខ្លួន) ៥៖ ឈ្មោះ ឈិ សុវណ្ណដែន ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៦៖ ឈ្មោះ តុងស៊ី ម៉េងជូ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ (ឃាត់ខ្លួន)។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្លាំងគណ:បញ្ជាការឯកភាពខេត្តកោះកុង បានប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅតំបន់តារាសាគេ ដោយចាប់ខ្លួនជនជាតិចិនជាង ១០០នាក់។ ក្រោយចាប់ខ្លួន ជនល្មើសទាំងនេះ ត្រូវបានបញ្ជូនទៅសួរចម្លើយ និងឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង មុនបញ្ជូនពួកគេទៅតុលាការ។
តែនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សម្រាប់តែជនជាតិចិន ២នាក់ ដែលជាមនុស្សសំខាន់ផងនោះ បានលួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមការគប់គិត និងផ្តល់មធ្យោបាយដល់ជនល្មើសទាំង ២នាក់ ជាមួយទឹកលុយយ៉ាងច្រើន។ ក្រោយរឿងនេះកើតឡើង ថ្នាក់ដឹកនាំបញ្ជាឲ្យស្រាវជ្រាវ ហើយឈានចាប់ជនជាតិចិនទាំង២នាក់មកវិញ និងឈានដល់ឃាត់ខ្លួនមន្រ្តីនគរបាលដែលគប់គិតរួមជាមួយអ្នកបកប្រែម្នាក់ចាត់ការតាមច្បាប់។ តាមការបញ្ជាក់របស់តុលាការ, ករណីនេះនៅជាប់ពាក់ព័ន្ធនឹងបក្ខពួកមួយចំនួនទៀត៕



