FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត អូស្មាន ហាស្សាន់ ជួបសម្តែងការគួរសម និងជួបពិភាក្សាការងារ ជាមួយប្រធានសភាប្រជាជនម៉ាល់ឌីវ

27-08-2026 20:52

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អាប់ឌុលរ៉ាហ៊ីម អាប់ឌុលឡា (Abdul Raheem Abdulla) ប្រធានសភាប្រជាជននៃសាធារណរដ្ឋម៉ាល់ឌីវ នៅសណ្ឋាគារសុខាភ្នំពេញ។

ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងឱកាស ប្រធានសភាប្រជាជនម៉ាល់ឌីវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference - ISC-2) ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ជំនួបនេះ ភាគីទាំងពីរ មានគោលបំណងពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនប្រសិទ្ធភាព ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសពីរ ព្រមទាំងស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពនៃប្រទេសទាំងពីរ ក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា ជាពិសេសលើវិស័យស្រូវ-អង្ករ និងផលិតម្ហូបអាហារ។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមរស់ដោយសន្តិភាព និងការពង្រឹងស្មារតីនៃការអត់ឱន និងការគោរពរវាងសាសនា និងវប្បធម៌។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបអំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេស នៅលើវិស័យកសិកម្ម។ លោកបានបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុន១០០% ជាពិសេសនៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីនកិនស្រូវ, ការវិនិយោគទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិន ហើយសម្រាប់នាំចេញទៅប្រទេសដទៃ។ ក្នុងន័យនេះ ទេសរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី សង្ឃឹមថានៅពេលអនាគត សាធារណរដ្ឋម៉ាលឌីវ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឥស្លាមកម្ពុជា ទៅបន្តការសិក្សា នៅទីនោះផងដែរ ខណៈកន្លងមកកម្ពុជា បានបញ្ជូននិស្សិតទៅបន្តការសិក្សានៅ ប្រទេសអារ៉ាប៊ីសាអូឌីត កូវែត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប ម៉ាឡេស៉ី ឥណ្ឌូនេស៉ី និងផ្សេងៗទៀត ដែលសុទ្ធសឹងតែជាប្រទេសជា សមាជិកអង្គការសហប្រតិបត្តិការឥស្លាម(OIC)។

ជាការឆ្លើយតប លោក អាប់ឌុលរ៉ាហ៊ីម អាប់ឌុលឡា (Abdul Raheem Abdulla) ប្រធានសភាប្រជាជននៃសាធារណរដ្ឋម៉ាល់ឌីវ បានបញ្ជាក់ថា ប្រទេសរបស់ខ្លួនស្ទើរតែពុំបានផលិតអ្វី ដោយខ្លួនឯងនោះទេ ដោយត្រូវនាំចូលទំនិញគ្រប់យ៉ាង រួមមាន៖ ម្ហូបអាហារ អង្ករ ស្ករស អំបិល និងផ្លែឈើជាដើម។ ប្រធានសភាប្រជាជនម៉ាល់ឌីវបានឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់រវាងកម្ពុជា និងម៉ាឌីវ។ លោកក៏បានជម្រាបជូនអំពីប្រភពចំណូលចម្បងរបស់ខ្លួន ដែលបានមកពីវិស័យទេសចរណ៍ និងវិស័យជលផល/ការនេសាទ ហើយ ត្រីដែលម៉ាល់ឌីវបាននាំចេញភាគច្រើន ទៅកាន់ប្រទេសថៃ។

លោកក៏បានបានសម្តែងនូវភាពរីករាយ និងស្វាគមន៍ចំពោះបំណងនៃការបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅម៉ាល់ឌីវ ខណៈម៉ាល់ឌីវ ជាប្រទេសប្រកាន់យកសាសនាឥស្លាម ជាសាសនារបស់រដ្ឋ ដែលល្អបំផុតសម្រាប់និស្សិតឥស្លាមកម្ពុជាក្នុងការទៅបន្តការសិក្សានៅទីនោះ៕