FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

27-08-2026 19:42

(ភ្នំពេញ)៖ បន្ទាប់ពីការប្រព្រឹត្តទៅពេញមួយថ្ងៃនៃពិធីបើក ការជជែកពិភាក្សា និងជំនួបនានាដ៏មមាញឹក នៅយប់​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា​ប្រធាន​សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានរៀបចំពិធីលៀងសាយភោជនប្រកបដោយ​ដោយ​កិត្តិយសជូនដល់គណៈប្រតិភូ។

មានប្រសាសន៍ស្វាគមន៍ក្នុងពិធីលៀងសាយភោជននារាត្រីដ៏សែនមនោរម្យលើអគារដ៏ព្រណីតរបស់អគ្គនាយកដ្ឋានពន្ធដា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំពិធី​លៀង​សាយភោជន ដើម្បីស្វាគមន៍ និងជាកិត្តិយស ជូនគណៈប្រតិភូដែលបានអញ្ជើញ មកចូលរួមសន្និសីទ​ប្រធាន​សភា​អន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការអញ្ជើញចូលរួមរបស់គណៈប្រតិភូក្នុងសន្និសីទនេះ បានឆ្លុះបញ្ចាំងពី​បំណង​ប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព និងពីជំនឿចំពោះសារៈសំខាន់នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិ ការ និងសាមគ្គីភាព ក្នុងពេលពិភពលោកកំពុងប្រឈមនឹងភាព មិនប្រាកដប្រជា ការបែកបាក់ និងជម្លោះកាន់​តែខ្លាំងឡើង។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃកិច្ចសន្ទនា មិត្តភាព សាមគ្គីភាព និងសហ​ប្រតិបត្តិការ ដែលយើងបានបង្ហាញនៅក្នុងសន្និសីទនេះ នឹងបន្តពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេស។ ទន្ទឹមគ្នានេះ នឹងរួមចំណែកកាន់តែខ្លាំងដល់ការកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព យុត្តិធម៌ និងវិបុលភាពយូរអង្វែងសម្រាប់មនុស្សជាតិទាំងមូល។

សម្តេចប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបន្តថា ការជួបជុំនារាត្រីនេះ ជាការផ្តល់នូវ ឱកាស​ដ៏ល្អមួយ ដើម្បីបន្តពង្រឹងទំនុកចិត្ត ចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងគ្នា ក្នុងបរិយាកាសកាន់តែ កក់ក្តៅ និងស្និទ្ធស្នាល។ សម្តេចតេជោបានគូសរំលេចថា សម្រាប់កម្ពុជា បដិសណ្ឋារកិច្ចមិនគ្រាន់តែ ជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមិត្តភាព និងការគោរព។

សម្តេចតេជោ ជឿជាក់ថារាត្រីនេះនឹងផ្តល់ឱកាសជូនប្រតិភូ បានស្វែងយល់ និងរីករាយ ជាមួយបដិសណ្ឋារកិច្ច ម្ហូបអាហារ និងវប្បធម៌ខ្មែរ ហើយអ្វីដែលសំខាន់បំផុត គឺមិត្តភាពដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកម្ពុជា។

បន្ទាប់ពីសម្តេចបានថ្លែងសុន្ទរកថាស្វាគមន៍ខ្លី ការពិសាភោជនាហារដ៏ឆ្ងាញ់ពិសា និងប្រកបដោយសោភណភាព ក៏បានចាប់ផ្តើម អមដោយផ្ទាំងទស្សនីយភាពជាទម្រង់សិល្បៈខ្មែរយ៉ាងច្រើនជាបន្តបន្ទាប់៕