FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក វង សូត ជួបឯកអគ្គរដ្ឋទូតបេឡារុស ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

27-08-2026 19:02

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក វង សូត អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-បេឡារុស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Uladzimir Baravikou ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងជំនួបនេះ លោក វង សូត បានស្វាគមន៍លោកឯកអគ្គរដ្ឋទូត និងបានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

ភាគីទាំងពីរបានរំលឹកថា កម្ពុជា និងបេឡារុស បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៥ ហើយទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់លើវិស័យសំខាន់ៗជាច្រើន។

លោក វង សូត បានស្នើឱ្យបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋសភា និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលមន្ត្រីអគ្គលេខាធិការដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ។

ជាការឆ្លើយតប លោក Uladzimir Baravikou បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់បេឡារុស ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងគ្រឿងយន្តកសិកម្ម។ លោកក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការពិភាក្សាបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។

លោក វង សូត ក៏បានគាំទ្រចំពោះលទ្ធផលនៃជំនួបរបស់លោកឯកអគ្គរដ្ឋទូតជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីខែមិថុនា កន្លងទៅ ដែលបានផ្តល់កាលានុវត្តភាពបន្ថែមសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភានៃប្រទេសទាំងពីរ។

លោកបានចាត់ទុកការចូលរួមរបស់ឯកអគ្គរដ្ឋទូតបេឡារុស ក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាកិត្តិយស និងជាសក្ខីភាពបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបេឡារុស។

លោក វង សូត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្និសីទនេះ ក្នុងការកសាងទំនុកចិត្តតាមរយៈកិច្ចសន្ទនា និងការការពារសន្តិភាព ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។

ជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញជំនឿថា លទ្ធផលនៃជំនួបនេះនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ៕