FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ែន បូណា៖ ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយគឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល

27-08-2026 18:21

(កណ្តាល)៖ ពី «ទីក្រុងខ្មោច» មកជារាជធានីដ៏ស្រស់ឆើតឆាយនិងទំនើបដូចសព្វថ្ងៃ គឺជាការប្រែប្រួលដ៏ធំធេងនិងជាប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ។ សម្រស់រាជធានីភ្នំពេញបច្ចុប្បន្នគឺជាមោទនភាពរបស់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក្នុងសម័យទំនើប។ សមិទ្ធផលនេះកើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាពិសេសស្នាដៃប្រកបដោយបញ្ញាញាណ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំរាមច្បងរបស់យើងបានសាងឡើង ហើយប្រជាពលរដ្ឋជាអ្នកទទួលផលជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ។

នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីរក្សាមោទនភាពនេះឱ្យស្ថិតនៅក្នុងសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ក៏ដូចជាការទាក់ទាញទេសចរ ការផ្សព្វផ្សាយព័ត៌មានគឺជាមធ្យោបាយមិនអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា សង្កត់ធ្ងន់ថា៖ «ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងការផ្សព្វផ្សាយជាប្រចាំនិងដោយប្រសិទ្ធភាពគឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមិនត្រូវបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ មួលបង្កាច់ មកបំផ្លាញសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលបានឡើយ»។

ដូច្នេះ ក្នុងនាមជាអ្នកបំពេញការងារនាំពាក្យ និងព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការពិត និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានទៅកាន់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងមានការយល់ដឹងកាន់តែច្បាស់អំពីការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពី លោក ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងនានា សរុបប្រមាណ ២៥០នាក់៕