ACU បន្តពង្រឹងជំនាញ AI ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ៧២រូប ដើម្បីជំរុញប្រសិទ្ធភាពការងារសាធារណៈ
27-08-2026 16:34
(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរៀបចំវគ្គបណ្ដុះបណ្ដាលវគ្គទី៥ ស្តីពី «ការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារសាធារណៈ និងកិច្ចការព័ត៌មាន» រយៈពេល ១ថ្ងៃពេញ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានប្រតិបត្តិការ ចំនួន ៧២រូប។
កម្មវិធីនេះមានបទឧទ្ទេសនាមដោយលោក លៀង សូរ្យរិទ្ធ ជំនួយការកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព.។
ការរៀបចំកម្មវិធីនេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធការងាររដ្ឋបាលក្នុងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ពេញមួយវគ្គសិក្សានេះ សិក្ខាកាមទាំងអស់បានសិក្សា និងទទួលបានចំណេះដឹង ព្រមទាំងបទពិសោធន៍អនុវត្តផ្ទាល់លើមូលដ្ឋានគ្រឹះនៃ AI បច្ចេកទេសបង្កើតបញ្ជា និងសំណួរ (Prompt Engineering) ព្រមទាំងការប្រើប្រាស់ឧបករណ៍ AI ទំនើបៗ ដូចជា Fresh AI ដែលជាស្នាដៃរបស់កូនខ្មែរ, ChatGPT, Perplexity AI, Notta AI និង Gamma AI ជាជំនួយក្នុងការងារជាក់ស្តែង។
ទន្ទឹមនឹងនេះ វគ្គបណ្ដុះបណ្ដាលក៏បានសង្កត់ធ្ងន់ឱ្យមន្ត្រី អ.ប.ព. ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ គោរពតាមបទដ្ឋានសុវត្ថិភាព ក្រមសីលធម៌ និងការការពារទិន្នន័យសម្ងាត់របស់ស្ថាប័នផងដែរ។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ប្រកបដោយចក្ខុវិស័យខ្ពស់របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក្នុងការបន្តអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធការងាររបស់ស្ថាប័នឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា ដើម្បីឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់អាចទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា AI មកជួយបង្កើនគុណភាព ផលិតភាព និងប្រសិទ្ធភាពការងារសាធារណៈឱ្យកាន់តែប្រសើរឡើង៕
















