លើសពីជំនឿ ពិធីសែនក្បាលទឹក បញ្ជាក់ថា រដូវទឹកជំនន់បានមកដល់ហើយ ជាមួយគោលបំណងសំខាន់២យ៉ាងថែមទៀត
27-08-2026 16:06
(ភ្នំពេញ)៖ ពិធីសែនក្បាលទឹក គឺជាប្រពៃណីមួយដែលមានប្រវត្តិយូរអង្វែងនៅក្នុងសង្គមចិន ប្រហែល ជាង២០០០ឆ្នាំមកហើយ ភាគច្រើនបន្តជាមួយប្រជាជនចិនតាមដងទន្លេ ហើយត្រូវបានបន្តមរតកពីជំនាន់មួយទៅជំនាន់មួយ។ ពិធីនេះជាទូទៅត្រូវបានប្រារព្ធនៅថ្ងៃទី១៥ ខែ៧ តាមចន្ទគតិចិន ដែលគេហៅថា 中元节 (Zhōngyuán Jié) និងមានការភ្ជាប់ជាមួយទំនៀមទម្លាប់គោរពបុព្វបុរស និងរំឭកដល់អ្នកដែលបានចែកឋាន ជាពិសេសបុព្វបុរសដែលបានតស៊ូប្រយុទ្ធប្រឆាំងដើម្បីគ្រប់គ្រងគ្រោះមហន្តរាយពីទឹកជំនន់។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា៖ «តាមទំនៀមបុរាណ ពិធីនេះមានគោលបំណងសំខាន់ក្នុងការបង្ហាញនូវការគោរព កតញ្ញូ និងការនឹករឭកចំពោះបុព្វបុរស។ ក្រុមគ្រួសាររៀបចំគ្រឿងសំណែន ដូចជា ផ្លែឈើ អាហារ តែ និងគ្រឿងបូជាផ្សេងៗ ដើម្បីឧទ្ទិសជូនដល់បុព្វបុរស និងសាច់ញាតិដែលបានទទួលមរណភាព។ សម្រាប់ជនជាតិចិនរស់នៅតាមដងទន្លេ វាជាពិធីបុណ្យដ៏មានអត្ថន័យប្រកបដោយការដឹងគុណដ៏ធំធេងមហិមាមិនអាចកាត់ថ្លៃ មិនអាចគណនា មិនអាចតបស្នងសងរបស់កូនចៅចំពោះមាតាបិតា»។
នៅក្នុងសហគមន៍ជនជាតិចិននៅកម្ពុជា ពិធីសែនក្បាលទឹកក៏បានក្លាយជាផ្នែកមួយនៃមរតកវប្បធម៌ដែលត្រូវបានរក្សា និងបន្តអនុវត្ត។ ទោះបីជាប្រពៃណីនេះមានប្រភពពីប្រទេសចិនក៏ដោយ ក៏វាបានសម្របខ្លួនទៅនឹងបរិបទសង្គម និងវប្បធម៌កម្ពុជាតាមរយៈជីវិតរបស់ជនជាតិខ្មែរសែស្រឡាយចិន។
អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរូបនេះ បានបញ្ជាក់ឲ្យដឹងថា ប្រពៃណី ពិធីសែនក្បាលទឹកមានគោលបំណងសំខាន់៣យ៉ាង៖
១. គឺជាសញ្ញាបញ្ជាក់ថា រដូវទឹកជំនន់បានមកដល់ហើយ នៅពេលទឹកទន្លេមេគង្គ និងទន្លេតាមដងទន្លេផ្សេងៗចាប់ផ្តើមហក់ឡើងខ្ពស់។ វាជាការរំឭកឱ្យសហគមន៍មានការប្រុងប្រយ័ត្ន និងយល់ដឹងអំពីការប្រែប្រួលនៃធម្មជាតិ។
២. គឺជាការត្រៀមលក្ខណៈសម្រាប់គ្រប់គ្រង និងដោះស្រាយគ្រោះមហន្តរាយ។ ការចងចាំបទពិសោធន៍ពីអតីតកាល ជួយឱ្យមនុស្សត្រៀមផែនការ កម្លាំង សម្ភារៈ និងវិធានការចាំបាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ។
៣. គឺជាការគ្រប់គ្រងហានិភ័យសម្រាប់ឆ្នាំបន្ទាប់។ បន្ទាប់ពីឆ្លងកាត់គ្រោះមហន្តរាយក្នុងឆ្នាំនេះ សហគមន៍ត្រូវរៀនសូត្រពីបទពិសោធន៍ កំណត់ចំណុចខ្វះខាត និងរៀបចំវិធានការថ្មីៗ ដើម្បីឱ្យឆ្នាំក្រោយអាចទប់ស្កាត់ និងឆ្លើយតបបានកាន់តែប្រសើរ។
ដូច្នេះសម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ពិធីសែនក្បាលទឹកមិនមែនជាពិធីប្រពៃណីសម្រាប់ជំនឿតែប៉ុណ្ណោះទេ ប៉ុន្តែជាមរតកនៃប្រាជ្ញារស់នៅរបស់បុព្វបុរសចិន ដែលបង្ហាញពីការគោរពធម្មជាតិ ការប្រុងប្រយ័ត្នចំពោះហានិភ័យ និងការរៀនសូត្រពីបទពិសោធន៍ ដើម្បីការពារជីវិត និងសហគមន៍។ ការបន្តពិធីនេះក្នុងចំណោមខ្មែរសែស្រឡាយចិននៅកម្ពុជា ក៏ជាសក្ខីភាពមួយនៃការរក្សាមរតកវប្បធម៌ និងការរួមបញ្ចូលគ្នារវាងប្រពៃណីចិន និងសង្គមខ្មែរ ដែលបានរស់នៅជាមួយគ្នាអស់រយៈពេលជាយូរមកហើយ៕





