កម្ពុជាជំរុញការពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រជំនាញឆ្លងដែន ជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី
27-08-2026 16:01
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបន្តចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ (14th ALMM+3) រួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ ជាសកល” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
ជាមួយនឹងប្រធានបទដ៏សំខាន់នេះ លោករដ្ឋមន្រ្តីបានលើកឡើងថា ឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងប្រជាសាស្ត្រ កំពុងផ្លាស់ប្តូរទីផ្សារការងារអាស៊ាន។ កម្ពុជាចាត់ទុកការបញ្ជាក់វិញ្ញាបនបត្រជំនាញ ជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់រវាងការអភិវឌ្ឍជំនាញនិង ការចល័តកម្លាំងពលកម្ម។ ការបណ្តុះបណ្តាលគឺផ្តល់ជំនាញដល់ពលករ ខណៈការបញ្ជាក់វិញ្ញាបនបត្រគឺធ្វើឱ្យជំនាញនោះមានភាពច្បាស់លាស់និងគួរឱ្យទុកចិត្ត។ ការទទួលស្គាល់ធ្វើឱ្យជំនាញទាំងនោះអាចផ្ទេរ និងប្រើប្រាស់បាននៅទីកន្លែងផ្សេងៗ ហើយភាពអាចផ្ទេរបាននៃជំនាញជួយបង្កើនឱកាសការងារឱ្យកាន់តែប្រសើរ នៅទូទាំងតំបន់។
ទន្ទឹមនេះ លោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការអាស៊ានបូកបី បានបង្កើតមូលដ្ឋានដ៏រឹងមាំ និងមានសមិទ្ធផលជាច្រើន ដែលចាំបាច់សម្រាប់ អភិវឌ្ឍបន្ថែម ខណៈក្របខ័ណ្ឌអាស៊ានបូកបី ផ្តល់ឱកាសពិសេសមួយក្នុងការតភ្ជាប់គឺ ការអភិវឌ្ឍជំនាញជាមួយការបញ្ជាក់វិញ្ញាបនបត្រការបញ្ជាក់វិញ្ញាបនបត្រ ជាមួយការទទួលស្គាល់ ការទទួលស្គាល់ជាមួយការចល័តកម្លាំងពលកម្ម និងការចល័តកម្លាំងពលកម្មជាមួយកិច្ចគាំពារសង្គម ព្រមទាំងសុវត្ថិភាព និងសុខភាពការងារ។
លោកលើកឡើងថា ជំហានបន្ទាប់ គឺត្រូវភ្ជាប់វឌ្ឍនភាពទាំងនេះឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ និងស៊ីចង្វាក់គ្នានៅកម្រិតតំបន់។ អាស៊ានបូកបី គួរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើស្តង់ដាជំនាញ ការវាយតម្លៃ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ, ភ្ជាប់ការបញ្ជាក់វិញ្ញាបនបត្រជំនាញជាមួយ ការចល័តកម្លាំងពលកម្ម និងតម្រូវការជំនាញនាពេលអនាគត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញឌីជីថល បញ្ញាសិប្បនិម្មិត ជំនាញបៃតង យានយន្តអគ្គិសនី មនុស្សយន្ត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
លោកបានជឿជាក់ថា ភាពប្រកួតប្រជែងក្នុងតំបន់នាពេលអនាគត នឹងមិនអាស្រ័យតែលើចំនួនកម្មករដែលបានបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើថា តើជំនាញរបស់ពួកគេត្រូវបានបញ្ជាក់វិញ្ញាបនបត្រ មានការជឿទុកចិត្ត ទទួលស្គាល់ និងអាចផ្ទេរបានដែរឬទេ។ ដោយមានកម្លាំងពលកម្មដ៏ស្វាហាប់របស់អាស៊ាន និងជំនាញ ព្រមទាំងបច្ចេកវិទ្យារបស់ប្រទេសទាំងបី អាស៊ានអាចកសាងប្រព័ន្ធអេកូឡូស៊ីជំនាញអាស៊ានបូកបី ឱ្យកាន់តែរឹងមាំ និងបោះជំហាន ជាបន្តបន្ទាប់ឆ្ពោះទៅរកការទទួលស្គាល់ជាសកល។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ និងប្រទេសដៃគូទាំងបី ដើម្បីកសាងកម្លាំងពលកម្មដែលមានជំនាញ មានវិញ្ញាបនបត្រ អាចចល័តបាន ទទួលបានការការពារ និងត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់។
ជាលទ្ធផល អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ ដោយបានទទួលស្គាល់ថា ការផ្លាស់ប្តូរបច្ចេកវិទ្យា យ៉ាងឆាប់រហ័ស ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ការប្រែប្រួលប្រជាសាស្ត្រ ការវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការធ្វើទេសន្តរប្រវេសន៍ ការងារ កំពុងផ្លាស់ប្តូរតម្រូវការ និងការផ្គត់ផ្គង់ជំនាញនៅទូទាំងតំបន់។ រដ្ឋមន្រ្តីអាស៊ានបូកបីបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ គុណភាពនៃជំនាញ និងគុណវុឌ្ឍិ ព្រមទាំងគាំទ្រកម្លាំងពលកម្មដែលមានបរិយាបន្ន ផលិតភាពខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត៕










