ក្រុមប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយសមិទ្ធផលធម្មនុញ្ញរយៈពេល៣០ឆ្នាំរបស់ខ្លួន នៅខេត្តកំពង់ឆ្នាំង
27-08-2026 15:59
(កំពង់ឆ្នាំង)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៤០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ ដែលនឹងជួយលើកកម្ពស់ស្មារតីគោរពច្បាប់ ការគោរពសិទ្ធិសេរីភាព និងការបំពេញកាតព្វកិច្ចពលរដ្ឋ ក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។
រដ្ឋបាលខេត្តបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីរដ្ឋធម្មនុញ្ញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដើម្បីធានាឱ្យរាល់សកម្មភាពរដ្ឋបាលប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងបម្រើផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ។
ជាកិច្ចឆ្លើយតប លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ លោកបានសង្កត់ធ្ងន់ថា ការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃប្រពៃណីខ្មែរ និងគុណតម្លៃធម្មនុញ្ញទំនើប បានបង្កនូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នាក្នុងការដោះស្រាយបញ្ហានយោបាយ និងច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញ និងរបបនយោបាយមានស្ថិរភាពរយៈពេលវែង ៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។
ក្រោមនយោបាយឈ្នះ-ឈ្នះ រដ្ឋធម្មនុញ្ញបានសម្រេចបាននូវសមិទ្ធផលស្នូលចំនួន ៤រួមមាន៖ ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការឈានឡើងជាសង្គមនីតិរដ្ឋ និងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ព្រមទាំងការលើកស្ទួយយុត្តិធម៌សង្គម។
គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ បានស្វែងយល់កាន់តែច្បាស់អំពីតម្លៃ គោលការណ៍គ្រឹះ និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ក៏ដូចជាតួនាទី និងសារៈសំខាន់របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងប្រព័ន្ធនីតិរដ្ឋរបស់កម្ពុជា។
ការយល់ដឹងនេះនឹងជួយលើកកម្ពស់ស្មារតីគោរពច្បាប់ ការគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ ការបំពេញកាតព្វកិច្ចរបស់ពលរដ្ឋ និងការចូលរួមក្នុងការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព សណ្តាប់ធ្នាប់ យុត្តិធម៌ និងការគោរពនីតិរដ្ឋ៕


















