មន្ទីរសុខាភិបាលខេត្តព្រះវិហារ ណែនាំប្រជាពលរដ្ឋត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ ក្នុងរដូវវស្សា និងពេលមានជំនន់ទឹកភ្លៀង
27-08-2026 15:57
(ព្រះវិហារ)៖ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ក្នុងអំឡុងពេលរដូវវស្សា និងនៅពេលមានគ្រោះជំនន់ទឹកភ្លៀង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតបឱ្យបានត្រឹមត្រូវ។
តាមរយៈសេចក្តីណែនាំរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា៖ ក្នុងរដូវវស្សា ភ្លៀងអាចធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួន ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
ក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀងកើតឡើង មន្ទីរសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋ៖
* ស្វែងរកទីទួល ឬទីកន្លែងមានសុវត្ថិភាព ដើម្បីជៀសវាងការលិចលង់ និងគ្រោះថ្នាក់ដល់អាយុជីវិត។
* បង្កើនការប្រុងប្រយ័ត្នចំពោះការលង់ទឹក ជាពិសេសត្រូវការពារកុមារតូចៗ មិនឱ្យលេងទឹក និងត្រូវមានអ្នកមើលថែជាប់ជាប្រចាំ។
* ប្រុងប្រយ័ត្នចំពោះពស់ និងសត្វអសិរពិសផ្សេងៗ ដោយពិនិត្យមើលភួយ មុង គំនរឈើ ឬអុស មុនពេលប្រើប្រាស់។
* ក្នុងករណីត្រូវពស់ចឹក ឬសត្វអសិរពិសខាំ និងទិច ត្រូវបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។
* ទទួលទានទឹកស្អាត ឬទឹកដែលបានដាំពុះត្រឹមត្រូវ ដើម្បីបង្ការជំងឺរាគរូស រាគមួល ពុលចំណីអាហារ និងជំងឺឆ្លងផ្សេងៗដែលអាចបណ្ដាលមកពីការប្រើប្រាស់ទឹកមិនស្អាត។
* ចំពោះការប្រើថ្នាំក្លរ៉ាមីន ត្រូវអនុវត្តតាមការណែនាំត្រឹមត្រូវ។
* លាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត ចម្អិនអាហារឱ្យឆ្អិនល្អ និងលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ជាពិសេសមុន និងក្រោយពេលបរិភោគអាហារ និងក្រោយចេញពីបង្គន់។
* ស្លៀកពាក់ឱ្យបានសមស្រប និងរក្សារាងកាយឱ្យមានភាពកក់ក្តៅ ក្រោយពេលងូតទឹក ឬទទឹកភ្លៀង ដើម្បីបង្ការជំងឺផ្ដាសាយ និងជំងឺរលាកផ្លូវដង្ហើមផ្សេងៗ។
* រក្សាអនាម័យខ្លួនប្រាណ និងសម្លៀកបំពាក់ឱ្យបានស្អាត ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺសើរស្បែក រមាស់ និងជំងឺផ្សេងៗ។
ក្រោយពេលគ្រោះជំនន់ទឹកភ្លៀង មន្ទីរសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ដោយបរិភោគចំណីអាហារ និងទឹកស្អាត រក្សាអនាម័យខ្លួនប្រាណ និងបរិស្ថានជុំវិញផ្ទះ។
* ប្រជាពលរដ្ឋគួរតែសម្រាន្តក្នុងមុងជាប្រចាំ ដើម្បីការពារជំងឺដែលបង្កដោយមូស ដូចជា គ្រុនឈាម គ្រុនឈីក និងគ្រុនចាញ់។
* ត្រូវពិនិត្យស្ថានភាពផ្ទះ និងបរិវេណជុំវិញផ្ទះ ដើម្បីជៀសវាងគ្រោះថ្នាក់ពីការបាក់ស្រុត ឬសត្វពស់ និងសត្វអសិរពិសផ្សេងៗ។
* ត្រូវធ្វើអនាម័យបរិស្ថានជុំវិញផ្ទះ និងកុំឱ្យមានការដក់ទឹក ព្រោះទឹកដក់អាចក្លាយជាប្រភពដង្កូវទឹក និងជម្រកមូសខ្លា និងមូសដែកគោល ដែលអាចចម្លងជំងឺគ្រុនឈាម គ្រុនឈីក និងគ្រុនចាញ់។
មន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកការពិនិត្យ និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដោយកុំបារម្ភពីបញ្ហារបាំងហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ៕




