FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរក្រុងសំពៅពូន តម្រូវក្រុមហ៊ុនលាយបេតុង XUZHENGMING ជួសជុលផ្លូវបេតុងដែលខូចខាតដោយសារដឹកលើសទម្ងន់

27-08-2026 15:55

(កណ្តាល)៖ អាជ្ញាធរក្រុងសំពៅពូន បានចាត់វិធានការតម្រូវឱ្យក្រុមហ៊ុនក្រឡុកបេតុង XUZHENGMING ទទួលខុសត្រូវជួសជុលផ្លូវបេតុងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការដឹកជញ្ជូនលើសទម្ងន់ របស់រថយន្តក្រុមហ៊ុន។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងការពិនិត្យជាក់ស្តែងឃើញថា ផ្លូវដែលទើបសាងសង់បានប្រមាណកន្លះឆ្នាំនេះ បានខ្ទិចខ្ទីអស់។

លោក សុទ្ធ សាវឿន អភិបាលរងក្រុងសំពៅពូន បានកោះហៅតំណាងក្រុមហ៊ុន XUZHENGMING ចូលប្រជុំនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមកិច្ចសន្យាដែលក្រុមហ៊ុនបានព្រមព្រៀង។ ផ្លូវបេតុងដែលខូចខាតនេះមានប្រវែង ៥១៦ម៉ែត្រ ទទឹង ៥ម៉ែត្រ ចាប់ពីទីតាំងក្រុមហ៊ុនរហូតដល់ផ្លូវជាតិលេខ២១។

ផ្លូវនេះត្រូវបានស្ថាបនាឡើងដោយមូលនិធិសង្កាត់ឆ្នាំ២០២៤-២០២៥ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកសិផលក្នុងមូលដ្ឋាន។

លោក ឈិត ហ៊ាង ចៅសង្កាត់សំពៅពូន បានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនបានសុំប្រើប្រាស់ផ្លូវនេះ ហើយបានធ្វើកិច្ចសន្យាថានឹងជួសជុលឱ្យបានដូចដើមវិញ ប្រសិនបើមានការខូចខាត ដោយបានតម្កល់ប្រាក់ ២ម៉ឺនដុល្លារនៅសាលាសង្កាត់។ ក្រោយការពិនិត្យជាក់ស្តែង តំណាងក្រុមហ៊ុនបានទទួលស្គាល់ថា ការខូចខាតផ្លូវពិតជាបណ្តាលមកពីការប្រើប្រាស់ផ្លូវដឹកជញ្ជូនរបស់ក្រុមហ៊ុនប្រាកដមែន។
ក្រុមហ៊ុនបានសន្យាថានឹងធ្វើការជួសជុលផ្លូវនេះឡើងវិញ តាមស្តង់ដាបច្ចេកទេស ដោយចាក់បេតុងកម្រាស់ ០,១៥ម៉ែត្រ នាពេលឆាប់ៗខាងមុខនេះ។ ប្រាក់ដែលបានតម្កល់ទុកនឹងត្រូវប្រគល់ជូនក្រុមហ៊ុនវិញ នៅពេលដែលការងារជួសជុលផ្លូវបានបញ្ចប់ដោយជោគជ័យ។ វិធានការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងធានាឱ្យក្រុមហ៊ុនឯកជនទទួលខុសត្រូវចំពោះ ផលប៉ះពាល់ដែលបង្កឡើង៕