មន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ៣៨អង្គភាព ធ្វើយុទ្ធនាការសម្អាតបរិស្ថានទូទាំងក្រុងស្វាយរៀង
27-08-2026 15:53
(ស្វាយរៀង)៖ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំនួន ៣៨ អង្គភាព បានរួមគ្នាធ្វើយុទ្ធនាការសម្អាតបរិស្ថានយ៉ាងផុសផុល នៅតាមទីធ្លាជុំវិញអង្គភាព និងនៅតាមដងផ្លូវសាធារណៈនានា ក្នុងភូមិសាស្ដ្រក្រុងស្វាយរៀង កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះធ្វើឡើងទៅតាមផែនការសកម្មភាពដែលរដ្ឋបាលខេត្តបានដាក់ចេញ ដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យក្នុងមូលដ្ឋាន។
លោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានបញ្ជាក់ថា យុទ្ធនាការសម្អាតបរិស្ថាននេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន ឱ្យកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អប្រសើរ។ ជាមួយគ្នានេះ ក៏ដើម្បីចូលរួមចំណែកក្នុងការរស់នៅប្រកបដោយផាសុកភាព ក៏ដូចជាគាំទ្រយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន រួមមាន៖ “ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក” “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន”។
លោក ចាន់ ឈន់ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការថែរក្សាសោភ័ណភាពទីសាធារណៈ និងតាមដងផ្លូវឱ្យបានស្រស់ស្អាតជានិច្ច ដោយបញ្ឈប់ការចោលសំរាមពាសវាលពាសកាល និងអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
សកម្មភាពរួមគ្នាដ៏មានសារៈសំខាន់នេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងអនាម័យប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គមជាតិទាំងមូលផងដែរ។ ការចូលរួមតូចៗរបស់ប្រជាពលរដ្ឋនៅថ្ងៃនេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការកសាងអនាគតដ៏ស្រស់បំព្រង និងបៃតងសម្រាប់កូនចៅជំនាន់ក្រោយ៕


























