លោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញពិសាអាហារការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត និងគណៈប្រតិភូក្រុមប្រឹក្សា Shura ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែស្អិតរមួត
27-08-2026 15:51
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមពិធីពិសាអាហារការងារពេលល្ងាច ជាមួយលោក ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូសមាជិកក្រុមប្រឹក្សា Shura ដឹកនាំដោយឯកឧត្តម ABDULAZIZ AALMALKI សមាជិកក្រុមប្រឹក្សា Shura នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ជំនួបពិភាក្សាអាហារការងារប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ បានស្តែងឱ្យឃើញពីការបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសទំនាក់ទំនងជាមួយសហគមន៍ឥស្លាមកម្ពុជា។
សូមបញ្ជាក់ផងដែរថា ពិធីពិសាអាហារការងារនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសដែលគណៈប្រតិភូអារ៉ាប៊ីសាអូឌីត បានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference - ISC-2) ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕
