កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនយុវជន២១នាក់ទៅតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន
27-08-2026 15:42
(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនយុវជនចំនួន ២១នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀន។
ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងនៅវេលាម៉ោង ២១:០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ ទីតាំងបង្រ្កាបគឺនៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត, ភូមិក្បាលស្ពាន១-ភូមិក្បាលកោះ-ភូមិអូរជ្រៅ-ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន យុវជនទាំង ២១នាក់ ត្រូវបាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀន និងសួរនាំ។ លទ្ធផលតេស្តិ៍បានបង្ហាញថា ពួកគេទាំងអស់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន (វិជ្ជមាន) ហើយជនសង្ស័យក៏បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងលទ្ធផលតេស្តិ៍ទឹកនោម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ការបង្ក្រាបនេះ ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន យុវជនទាំង ២១នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសហគមន៍៕





