FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មោទនភាពខេត្តពោធិ៍សាត់! ពិធីសំណេះសំណាល និងដង្ហែក្បួនអបអរសាទរ «សាលាផ្តល់សេវាសាធារណៈគំរូ» និងសិស្សពូកែថ្នាក់ជាតិមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យា

27-08-2026 13:57

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានរៀបចំពិធីសំណេះសំណាល និងដង្ហែក្បួនអបអរសាទរយ៉ាងអធិកអធម នៅបរិវេណសាលាខេត្ត ដើម្បីអបអរសាទរអង្គភាព និងយុវសិស្សឆ្នើម ដែលបានដណ្តើមពានរង្វាន់ និងមេដាយកម្រិតថ្នាក់ជាតិ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក រុន សារី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

យោងតាមរបាយការណ៍របស់ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ផ្អែកលើលទ្ធផលនៃការចូលរួមប្រកួតប្រជែងស្តង់ដាសេវាសាធារណៈគំរូថ្នាក់ជាតិ និងការប្រកួតប្រជែងសិស្សពូកែទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ខេត្តពោធិ៍សាត់ទទួលបានសមិទ្ធផលរួមមាន៖

*សាលាបឋមសិក្សាពោធិ៍សាត់៖ ទទួលបានចំណាត់ថ្នាក់លេខ៦ ជា «សាលាផ្តល់សេវាសាធារណៈគំរូ» ថ្នាក់ជាតិ។

*យុវតី ឈាង យូអ៊ី៖ សិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យពោធិ៍សាត់ ទទួលបានជ័យលាភី មេដាយមាស មុខវិជ្ជារូបវិទ្យាថ្នាក់ជាតិ។

*និងយុវជន ជា សៀវហួរ៖ សិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យពោធិ៍សាត់ ទទួលបានជ័យលាភី មេដាយប្រាក់ មុខវិជ្ជាគណិតវិទ្យាថ្នាក់ជាតិ។

លោកប្រធានមន្ទីរបានសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះជ័យលាភីខាងលើ ដោយបញ្ជាក់ថា នេះគឺជាកិត្តិយសដ៏ថ្លៃថ្លាសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងជាមោទនភាពសម្រាប់ខេត្តពោធិ៍សាត់ទាំងមូល ដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សផ្ទាល់។

មានប្រសាសន៍ក្នុងពិធីនោះ លោក រុន សារី អភិបាលរងខេត្ត បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីរំភើបរីករាយពីសំណាក់ លោក ខូយ រីដា អភិបាលខេត្ត ចំពោះជោគជ័យដ៏ធំធេងនេះ។ លោកបានគូសបញ្ជាក់ថា ជ័យលាភីនេះគឺជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងការរៀនសូត្រក្រោមពាក្យស្លោក «ចេះពីរៀន មានពីរក»

បន្ថែមពីនេះ លោក រុន សារី បានលើកឡើងពី កត្តាគាំទ្រដ៏សំខាន់ចំនួន៥ ដែលជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា៖
ទី១-ការខិតខំប្រឹងប្រែងរៀនសូត្រ ប្រកបដោយភាពឆ្លាតវៃរបស់សិស្សផ្ទាល់។
ទី២-ការជួយជ្រោមជ្រែង និងការលើកទឹកចិត្តពីសំណាក់គ្រួសារ និងអាណាព្យាបាល។
ទី៣-កត្តាសាលារៀន និងការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ។
ទី៤-ការយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សា ពីសំណាក់មាតាបិតា។
ទី៥-គោលនយោបាយគាំទ្រយ៉ាងសកម្ម ពីរាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្តបានលើកទឹកចិត្តដល់យុវសិស្សជ័យលាភីទាំងអស់ បន្តពង្រឹងសមត្ថភាពគ្រប់មុខវិជ្ជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្តានុពល ត្រៀមខ្លួនឈោងចាប់អនាគតដ៏ភ្លឺស្វាង និងប្រើប្រាស់ចំណេះដឹងបង្កើតថ្មី ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិយើងបន្តទៀត៕