FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ​ ហ៊ុន សែន ផ្តល់គំនិតឲ្យពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ (Video inside)

27-08-2026 13:36

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាគំនិតដល់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថាការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាគំនិតពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ដូចនេះ នាឱកាសដែលសម្តេចបានថ្លែងបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើងត្រូវតែដើរតួឈាន មុខក្នុងការស្ដារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោក ពីរលើកជាប់ៗគ្នា។

សម្តេចតេជោ បានបញ្ជាក់ទៀតថា «យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង»

ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាគំនិតដូចនេះថា «លើសពីនេះយើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ (parliamentary ceasefire observer team) ផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះ ទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ»

ជាមួយគ្នានឹងបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា, សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា ដើម្បីឈានផុតពីការទូតបែបអកម្ម យើងអាចពិចារណាលើការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា ប្រមូលផ្តុំនូវសមាជិកសភាលេចធ្លោនានា ដែលអាចជំរុញការសម្រុះសម្រួលឱ្យមានសន្តិភាព ដោយសកម្ម។ ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់សុទ្ធសឹងជាឥស្សរជននយោបាយដែលមាន បទពិសោធខ្ពស់ មានបណ្តាញទំនាក់ទំនង អន្តរជាតិយ៉ាងទូលំទូលាយ និងមានកិត្យានុភាព ដែលបានកសាងជាយូរមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បណ្តាញសម្រុះសម្រួលឯកទេសនេះត្រូវតែឈានជើងឱ្យផុតពីភាពរឹងឆ្អឹងនៃមនោគមវិជ្ជា ហើយអាចធ្វើសកម្មភាពដោយភាពរហ័សរហួន ដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះ មុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួចអាចផ្ទុះឡើង បង្កជាសង្គ្រាមទ្រង់ទ្រាយធំ។ ជារចនាសម្ព័ន្ធបណ្តាញអ្នកសម្រុះសម្រួលឆ្នើមទាំងនេះ គួរតែមានសេរីភាពប្រតិបត្តិការក្រោមអាណត្តិបត់បែនមួយ ចាកឆ្ងាយពីភាពរសើប ការដាក់កំហិតនយោបាយ និងពិធីការដ៏រឹងឆ្អឹងនៃការទូតបែបប្រពៃណីរវាងរដ្ឋ និងរដ្ឋ ដែលប្រើដោយអំណាចនីតិប្រតិបត្តិ៕