FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២! សម្ដេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំទាំងអស់ថា «ជោគវាសនានៃប្រជាជាតិរបស់យើង មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ» (Video inside)

27-08-2026 13:34

(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទ បានប្រាប់ទៅកាន់បណ្ដាថ្នាក់ដឹកនាំប្រទេសដែលអញ្ជើញចូលរួមថា ជោគវាសនានៃប្រទេសជាតិនីមួយៗ មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ពោលប្រទេសនីមួយៗជាអ្នកសម្រេចដោយខ្លួនឯង។

តាមរយៈសុន្ទរកថាបើកសន្និសីទ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់តែកើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយជោគវាសនា នៃប្រជាជាតិនីមួយៗទាំងអស់ គឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជា នៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់តែកើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិរបស់យើង មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួល មិនប្រាកដប្រជា នៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ជោគវាសនា នៃប្រជាជាតិរបស់យើងគឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ថ្នាក់ដឹកនាំបណ្ដាប្រទេសទាំងអស់ គួរប្រើប្រាស់សន្និសីទនេះ ដើម្បីធ្វើពង្រឹងឡើងវិញនូវការប្ដេជ្ញាចិត្តរបស់យើង ចំពោះច្បាប់អន្តរជាតិ ការរស់នៅជាមួយគា្នដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក និងភាពរុងរឿងរួមគ្នា។ យើងត្រូវពង្រឹងការទូតសភា ដើម្បីធ្វើជាកម្លាំងចលករគាំទ្រដល់កិច្ច សន្ទនា ទំនុកចិត្ត និងសន្តិភាព។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដើម្បីតតាំងនឹងការគំរាមកំហែង នៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឲ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើង ត្រូវតែដើរតួឈានមុខក្នុងការស្ដារឡើងវិញ នូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកពីរលើកជាប់ៗគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា បណ្ដាប្រទេសទាំងអស់ត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។

លើសពីនេះ ក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ (parliamentary ceasefire observer team) ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិ មានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះ ទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឲ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ៕