កិច្ចខិតខំប្រឹងប្រែងរួមគ្នា៖ ខេត្តពោធិ៍សាត់ និង គ.ជ.ប.ទ. ពង្រឹងការយល់ដឹងស៊ីជម្រៅ លើការងារបង្ការ និងប្រឆាំងទារុណកម្ម ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ
27-08-2026 13:10
(ពោធិ៍សាត់)៖ ស្ថិតក្រោមបរិយាកាសដ៏មានសារៈសំខាន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការជាមួយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) រៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី «តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការអនុវត្តលិខិតបទដ្ឋានជាតិ-អន្តរជាតិ លើការងារបង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្ម»។
វគ្គបណ្តុះបណ្តាល ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កែវ តារាពង្ស អនុប្រធាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សៀង ឡាប្រេស្ស ប្រធាន (គ.ជ.ប.ទ) និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត, តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបី, អភិបាលក្រុង-ស្រុក, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ និងលើកកម្ពស់ការយល់ដឹងដល់មន្ត្រីអនុវត្តច្បាប់ ក៏ដូចជាការគ្រប់គ្រងកន្លែងឃុំឃាំងទាំងអស់ ឱ្យកាន់តែប្រកាន់ខ្ជាប់នូវស្តង់ដារសិទ្ធិមនុស្ស ធានាការការពារសិទ្ធិ និងសេរីភាពរបស់ជនដែលត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម និងអំពើមិនគប្បីផ្សេងៗ ស្របតាមបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ។
មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាល លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ការប្រឆាំងទារុណកម្ម គឺជាបញ្ហាដ៏មានសារៈសំខាន់ខ្លាំងណាស់ ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការគោរពសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូររបស់មនុស្ស និងការកសាងសង្គមជាតិមួយប្រកបដោយយុត្តិធម៌ សន្តិភាព និងការគោរពគ្នាទៅវិញទៅមក។
លោកស្រីបានបញ្ជាក់បន្ថែម ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.ប.ទ. ដើម្បីជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយណា ដែលធានាដល់ការបង្ការ និងទប់ស្កាត់រាល់អំពើទារុណកម្ម ឬការប្រព្រឹត្តមកលើខ្លួនប្រាណប្រកបដោយភាពឃោរឃៅ អមនុស្សធម៌។
លោក លោក កែវ តារាពង្ស អនុប្រធាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សៀង ឡាប្រេស្ស ប្រធាន (គ.ជ.ប.ទ) បានលើកឡើងពីដំណើរវិវត្តន៍ នៃស្ថាប័ន គ.ជ.ប.ទ. ដែលត្រូវបានបង្កើតឡើង និងពង្រឹងសមត្ថភាពជាបន្តបន្ទាប់ ស្របតាមអនុសញ្ញាអន្តរជាតិ ស្ដីពីការប្រឆាំងទារុណកម្ម ដែលព្រះរាជាណាចក្រកម្ពុជា បានចូលជារដ្ឋភាគី តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩២។ លោកបានបញ្ជាក់ថា គ.ជ.ប.ទ. មានតួនាទីជាយន្តការបង្ការថ្នាក់ជាតិ ដែលមានភាពឯករាជ្យ ក្នុងការចុះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ នៅតាមរាល់កន្លែងឃុំឃាំងទាំងអស់ រួមមានពន្ធនាគារ មណ្ឌលអប់រំកែប្រែ មណ្ឌលស្តារនីតិសម្បទា កន្លែងឃុំខ្លួនបណ្តោះអាសន្ន និងមណ្ឌលដកហូតសេរីភាពផ្សេងៗទៀត ដោយមិនចាំបាច់មានការជូនដំណឹងជាមុនឡើយ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលដ៏មានអត្ថន័យនេះ លោក កែវ តារាពង្ស បានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តាំផ្ញើដល់គ្រប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តបទដ្ឋានជាតិ និងអន្តរជាតិឱ្យបានខ្ជាប់ខ្ជួន ពិសេសចំពោះជនដែលត្រូវបានដកហូតសេរីភាព។ ត្រូវផ្ដល់កិច្ចសហការពេញទំហឹង និងសម្របសម្រួលដល់ គ.ជ.ប.ទ. ព្រមទាំងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ (SPT) ក្នុងការបំពេញភារកិច្ចតាមអាណត្តិរបស់ខ្លួន។
អង្គសិក្ខាសាលាបណ្តុះបណ្តាលពេញមួយថ្ងៃនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ការចោទសួរ និងការផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ពីសំណាក់សិក្ខាកាមជុំវិញខ្លឹមសារស្នូល ចំនួន៥ រួមមាន៖ តួនាទីភារកិច្ចរបស់ គ.ជ.ប.ទ. លិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិ គោលការណ៍សិទ្ធិមនុស្ស វិធានការបង្ការទប់ស្កាត់ និងការពង្រឹងវិជ្ជាជីវៈមន្ត្រីអនុវត្តច្បាប់។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ រដ្ឋបាលខេត្តពោធិ៍សាត់ និង គ.ជ.ប.ទ. រំពឹងយ៉ាងមុតមាំថា មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ប្រកបដោយសុចរិតភាព និងវិជ្ជាជីវៈខ្ពស់ ដែលជាការរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់កិត្តិនាម និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាយើង លើឆាកអន្តរជាតិ៕


















































