FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២

27-08-2026 11:14

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមសន្និសីទ ISC-2 នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។

សន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) គឺជា វេទិកាអន្តរសភាថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ វេទិកានេះមានគោលបំណងជំរុញការកសាងសហគមន៍ អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។

សន្និសីទបើកសម្ពោធ ISC ត្រូវបានរៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ ក្រោមមូលបទ «កសាងឯកភាពសកល៖ ពង្រឹងសន្តិភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនាអន្តរសភា ដោយមានប្រធានសភា និងថ្នាក់ដឹកនាំសភាមកពីប្រមាណ ៤០ប្រទេសចូលរួម។

សន្និសីទ ISC លើកទី១ ត្រូវបានរៀបចំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមមូលបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» ដោយមានគណៈប្រតិភូមកពីសភាជាតិចំនួន ៤០ប្រទេសចូលរួម។ សន្និសីទបានផ្ដោតលើការទូតសភា សន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់សេដ្ឋកិច្ច និងបញ្ហាប្រឈមសកល ព្រមទាំងបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍រួមទីក្រុងអ៊ីស្លាម៉ាបាត។

សម្រាប់សន្និសីទប្រធានសភានៃអន្តរសភាលើកទី២នៅកម្ពុជា ដែលជាសមាជិកស្ថាបនិកនៃសន្និសីទនេះដែរនោះ រៀបចំឡើងក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដោយមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៨ ខែសីហា៕