FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី

27-08-2026 10:07

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Tan Sri Dato' Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference - ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនទានលើការងារអភិវឌ្ឍន៍សហគមន៍ ការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកបន្តវេន និងការស្វែងរកយន្តការបន្ថែមដើម្បីពង្រឹងចំណងមិត្តភាព រួមទាំងការរឹតចំណងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ទមន្ទឹមគ្នានេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលតែងតែផ្តល់ជំនួយមនុស្សធម៌ឥតឈប់ឈរ លើវិស័យអប់រំ សង្គមកិច្ច និងសុខុមាលភាព។

លើសពីនេះ លោកបានសម្តែងការដឹងគុណជាពិសេសជូនចំពោះ លោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០០កន្លែង (សរុបជាថវិកាជាង ១លានដុល្លារអាមេរិក) ដើម្បីសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅម៉ាឡេស៊ី រួមមាន Kolej Dar Al-Hikmah, Kolej Professional Baitulmal Kuala Lumpur (KPBKL) និង University College MAIWP International។

ក្នងឱកាសនោះ ប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ឥស្លាមកម្ពុជា។

ជាពិសេស ការរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ជូនសហគមន៍ឥស្លាមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៤ មក បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបើកទូលាយ និងការដឹកនាំប្រកបដោយសុខដុមរមនាសាសនា ក្រោមដំបូលនៃសន្តិភាព។ ជាចុងបញ្ចប់ ប្រធានរដ្ឋសភា បានសន្យាបន្តពង្រឹងចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់រឹងមាំបន្ថែមទៀត៕