FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឈួរ សុបញ្ញា៖ ទស្សនៈនៃការសិក្សាស្តីពីការបូជាទៀនពីលើចុះក្រោម និងពីក្រោមឡើងលើ ក្នុងពិធីកម្មសាសនាលើបាយសីនិងគ្រឿងសក្ការៈបូជា

27-08-2026 09:12

(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋ បានលើកឡើងថា ក្នុងពិធីបុណ្យ និងពិធីកម្មតាមប្រពៃណីខ្មែរ ការអុជទៀន និងការបូជាទៀនលើបាយសី ឬគ្រឿងសក្ការៈ គឺជាផ្នែកមួយដែលមានអត្ថន័យទាក់ទងនឹងជំនឿ ប្រពៃណី ការគោរពបូជា និងការបង្ហាញនូវសេចក្តីជ្រះថ្លារបស់អ្នកប្រតិបត្តិ។ ទោះជាយ៉ាងណា លំអាននៃការអុជទៀនថា តើគួរបូជាពីលើចុះក្រោម ឬពីក្រោមឡើងលើ នៅតែជាប្រធានបទដែលមានការអនុវត្តខុសៗគ្នានៅតាមទីកន្លែង និងតាមពិធីមួយចំនួន។

លោក ឈួរ សុបញ្ញា បានរម្លឹកថា កន្លងមកសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ពាក់ព័ន្ធនឹងការអុជទៀនក្នុងពិធីកម្មសាសនា និងពិធីបុណ្យតាមប្រពៃណីខ្មែរ ដែលបានថ្លែងក្នុងពិធីសំណេះសំណាលអាចារ្យលើកទី១១ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយបានលើកឡើងពីការអនុវត្តដែលមានទាំងការបូជាទៀនពីលើចុះក្រោម និងការបូជាពីក្រោមឡើងលើ។ ការលើកឡើងនេះបានជំរុញឱ្យមានការពិចារណា និងសិក្សាឡើងវិញអំពីមូលដ្ឋានប្រពៃណី និងអត្ថន័យនៃលំអានទាំងពីរ។

លោក ឈួរ សុបញ្ញា បានបន្តថា តាមការសិក្សាស្រាវជ្រាវរបស់សមូហកធម្មិកជន យើងមិនទាន់រកឃើញឯកសារបុរាណ ឬ ឯកសាររបស់អ្នកប្រាជ្ញផ្នែកទំនៀមទម្លាប់ខ្មែរ ដែលបានកំណត់យ៉ាងជាក់លាក់ និងជាតឹកតាំងថា ការបូជាទៀនត្រូវតែធ្វើពីលើចុះក្រោម ឬ ពីក្រោមឡើងលើនោះឡើយ។

លោក ឈួរ សុបញ្ញា ថាទាំងឯកសាររបស់ឧត្តមប្រីយជា ចាប ពិន អតីតអធិបតីក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ អ្នកឧកញ៉ាមហាមន្ត្រី ញ៉ឹក នូវ អតីតចាងហ្វាងក្រុមព្រះរាជមន្ទីរ ព្រះបរមរាជវាំងចតុម្មុខមង្គល រាជធានីភ្នំពេញ និងឯកសាររបស់អ្នកប្រាជ្ញផ្នែកទំនៀមទម្លាប់ខ្មែរសម័យក្រោយ ដែលយើងបានសិក្សា ក៏មិនបានកំណត់ជាច្បាស់នូវចំណុចនេះដែរ។

ដូច្នេះ សមូហកធម្មិកជនយើងមិនធ្វើការសន្និដ្ឋានថា លំអានណាមួយជារបៀបខុស ឬរបៀបត្រូវដោយដាច់ខាតនោះទេ ប៉ុន្តែតាមការសិក្សាលើទិដ្ឋភាពជាក់ស្តែង និងការពិចារណាលើន័យនិមិត្តសញ្ញា ប្រពៃណី ព្រះរាជពិធី សុវត្ថិភាព និងស្មារតីកតញ្ញូកតវេទិតា សមូហកធម្មិកជនយើងយល់ថា ការបូជាទៀនពីលើចុះក្រោម មានមូលដ្ឋានសមស្របគួរឱ្យពិចារណា និងគួរយកធ្វើជាលំអានរួមសម្រាប់ការអនុវត្ត។

១. មូលដ្ឋានទី១៖ ការបូជាពីលើចុះក្រោម

ក. ស្របតាមលំអានព្រះរាជពិធី៖ មូលដ្ឋានសំខាន់មួយ គឺលំអាននៃព្រះរាជពិធីដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិ។ ប្រសិនបើក្នុងព្រះរាជពិធីមានលំអាននៃការបូជាទៀនពីលើចុះក្រោម នោះក្នុងនាមជាអណាប្រជានុរាស្ត្រ យើងគប្បីមានស្មារតីគោរព និងដង្ហែតាមលំអានព្រះរាជពិធីរបស់ព្រះអង្គ។

ព្រះមហាក្សត្រមិនត្រឹមតែជាព្រះប្រមុខរដ្ឋតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃឯកភាពជាតិ និងជាមរតកនៃប្រពៃណីរាជវង្សដែលបានបន្តមកជាយូរមកហើយ។ ដូច្នេះ នៅពេលដែលពុំមានឯកសារប្រពៃណីណាមួយកំណត់ជាក់លាក់ និងនៅពេលដែលមានលំអានព្រះរាជពិធីជាគំរូ ការដង្ហែតាមលំអាននោះ អាចចាត់ទុកថាជាការបង្ហាញនូវស្មារតីគោរព ប្រណិបត្តិ និងរក្សាឯកភាពនៃទំនៀមទម្លាប់ជាតិ។

ខ. បាយសី និងស្មារតីកតញ្ញូកតវេទិតាចំពោះបុព្វបុរស៖ បាយសីនៅក្នុងបរិបទទំនៀមទម្លាប់ខ្មែរ គួរត្រូវបានពិចារណាតាមបរិបទជំនឿ និងពិធីកម្មរបស់ខ្មែរ មិនគួរបកស្រាយដោយយកនិមិត្តសញ្ញារបស់សាសនា ឬវប្បធម៌ផ្សេងមកដាក់ជំនួសដោយគ្មានមូលដ្ឋានឡើយ។

ប្រសិនបើយើងយល់ថា បាយសីក្នុងពិធីមួយចំនួនជានិមិត្តរូបនៃការរំលឹក និងការគោរពចំពោះអ្នកមានគុណ បុព្វបុរស និងអំណាចអរូបីតាមជំនឿបុរាណ នោះការបូជាទៀននៅផ្នែកខាងលើជាមុន អាចត្រូវបានពន្យល់ក្នុងន័យថា ជាការបំភ្លឺផ្លូវ និងរំលឹកអញ្ជើញអ្នកមានគុណ ឬបុព្វបុរសជាមុនសិន មុននឹងបន្តបូជាគ្រឿងសក្ការៈ និងដង្វាយនៅផ្នែកបន្ទាប់។ នេះអាចឆ្លុះបញ្ចាំងពីគោលធម៌ កតញ្ញូ និងកតវេទិតា ដែលជាតម្លៃសំខាន់មួយក្នុងសង្គមខ្មែរ។ មនុស្សដែលចេះរំលឹកគុណអ្នកមានគុណមុននឹងបង្ហាញថាខ្លួនមិនភ្លេចប្រភពកំណើត និងអ្នកដែលបានជួយឱ្យខ្លួនមានជីវិត និងមានភាពរីកចម្រើន។

គ. មូលហេតុផ្នែកសុវត្ថិភាព៖ ក្រៅពីន័យជំនឿ និងនិមិត្តសញ្ញា ការបូជាពីលើចុះក្រោមក៏អាចមានហេតុផលជាក់ស្តែងផ្នែកសុវត្ថិភាពផងដែរ។ នៅពេលមានទៀនជាច្រើនតម្រៀបនៅលើបាយសី ឬគ្រឿងដង្វាយ ប្រសិនបើអុជពីផ្នែកខាងក្រោមឡើងទៅលើ អ្នកប្រតិបត្តិត្រូវយកដៃ ឬដងចម្លងទៀនភ្លើងឆ្លងកាត់តំបន់ដែលមានអណ្តាតភ្លើងរួចហើយ។

វាអាចបង្កើនហានិភ័យនៃការឆេះទៀន ឬគ្រឿងតុបតែង ឬរាងកាយ ឬសម្លៀកបំពាក់ម្ចាស់ពិធីដែលកំពុងបូជានោះ និងអាចធ្វើឱ្យខូចខាតដល់ពិធីទាំងមូល។ ផ្ទុយទៅវិញ ការអុជពីលើចុះក្រោម អាចជួយកាត់បន្ថយការឆ្លងកាត់អណ្តាតភ្លើង និងធ្វើឱ្យការអុជទៀនមានភាពងាយស្រួល និងប្រុងប្រយ័ត្នជាងមុន។ ដូច្នេះ វាមិនត្រឹមតែមានន័យជានិមិត្តសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាវិធីសាស្ត្រដែលមានហេតុផលផ្នែកសុវត្ថិភាពផងដែរ។

២. មូលដ្ឋាន ទី២៖ ការបូជាពីក្រោមឡើងលើ ចំពោះការបូជាទៀនពីក្រោមឡើងលើ ក៏មានអ្នកអនុវត្តមួយចំនួនយល់ថា មានន័យល្អតាមបែបឧបមាន័យ។ ក្នុងការពិចារណាបែបវប្បធម៌ អាចមានការយល់ថា ការឡើងពីក្រោមទៅលើប្រៀបដូចជាការឡើងជណ្តើរ សំដៅដល់ការរីកចម្រើន ការឡើងបុណ្យ ឡើងស័ក ឬការរកទទួលទានមានបាន និងឈានទៅរកភាពរុងរឿង។

ក៏មានការសន្និដ្ឋានថា របៀបគិតបែបនេះអាចទទួលឥទ្ធិពលពីវប្បធម៌ចិន ដែលមានការប្រើនិមិត្តសញ្ញា «ឡើង» ដើម្បីសម្គាល់ការរីកចម្រើន ឡើងឋានៈ ឡើងសំណាង ឬការរកស៊ីមានបាន។ ទោះជាយ៉ាងណា ចំណុចនេះគួរត្រូវបានចាត់ទុកជាសម្មតិកម្ម ឬទស្សនៈសម្រាប់ការសិក្សាបន្ត មិនគួរអះអាងជាសេចក្តីពិតប្រវត្តិសាស្ត្រដាច់ខាត ប្រសិនបើមិនទាន់មានឯកសារបុរាណ ឬភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់គាំទ្រ។

ផ្អែកលើការសិក្សាខាងលើ សមូហកធម្មិកជនយើងមិនហ៊ានធ្វើការកាត់សេចក្តីថា ការបូជាពីក្រោមឡើងលើជារបៀបខុស ឬការបូជាពីលើចុះក្រោមជារបៀបត្រូវដោយដាច់ខាតនោះឡើយ ព្រោះនៅពេលដែលឯកសារបុរាណមិនបានកំណត់ជាក់លាក់ យើងគប្បីមានភាពប្រុងប្រយ័ត្នក្នុងការបកស្រាយ និងគោរពចំពោះការអនុវត្តដែលមានភាពខុសគ្នាតាមតំបន់ តាមគ្រួសារ និងតាមពិធី ប៉ុន្តែការរក្សាប្រពៃណីមិនមែនមានន័យថា យើងត្រូវទទួលយកគ្រប់របៀបដែលកំពុងអនុវត្តដោយគ្មានការពិនិត្យឡើយ។ ប្រពៃណីដែលល្អ គួរត្រូវបានសិក្សា ពិនិត្យ បកស្រាយ និងរៀបចំឱ្យមានលំអានសមស្រប ដើម្បីឱ្យការអនុវត្តមានទាំងអត្ថន័យ សុវត្ថិភាព និងឯកភាព។

យើងគប្បីពិចារណាបន្តិចថស សារៈសំខាន់នៃការរក្សាទម្រង់រួមក្រោមម្លប់ព្រះមហាក្សត្រ ក្នុងនាមជាព្រះរាជាណាចក្រមួយ ដែលមានព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ យើងគួរពិចារណាឱ្យបានខ្ពង់ខ្ពស់ថា ប្រសិនបើមានទម្រង់ព្រះរាជពិធីមួយដែលមានលំអានជាក់លាក់ ហើយគ្មានឯកសារប្រពៃណីដែលកំណត់ផ្ទុយគ្នាយ៉ាងច្បាស់ នោះការដង្ហែតាមលំអាននោះ អាចជាវិធីមួយក្នុងការរក្សាឯកភាពនៃទម្រង់ពិធី។

ដើម្បីរក្សាឯកភាពជាតិតែមួយយើងមិនគួរបែងចែកការបូជានេះផ្សេងគ្នាដោយមានលំអានសម្រាប់ ១.ពិធីរបស់ព្រះមហាក្សត្រ គឺជាព្រះរាជពិធី ២.ពិធីរបស់រាជការ គឺជារដ្ឋពិធី ៣.ពិធីរបស់ប្រជារាស្ត្រ គឺជារាស្ត្រពិធី។ ទោះមានទម្រង់ និងបរិបទខុសគ្នាក៏ដោយ គោលការណ៍សំខាន់គឺមិនគួរឱ្យមានលំអានផ្ទុយគ្នាដោយគ្មានមូលហេតុច្បាស់លាស់នោះឡើយ។ ការរក្សាលំអានរួមមួយ មិនមែនជាការបង្ខំឱ្យគ្រប់ពិធីមានរូបរាងដូចគ្នាទាំងអស់នោះទេ ប៉ុន្តែជាការរក្សាខ្សែស្រឡាយនៃអត្តសញ្ញាណ និងឯកភាពវប្បធម៌ជាតិ។

ការអុជទៀនពីលើចុះក្រោម ឬពីក្រោមឡើងលើ គឺជាបញ្ហាមួយដែលគួរត្រូវបានពិចារណាដោយផ្អែកលើឯកសារ ប្រវត្តិទំនៀមទម្លាប់ និមិត្តសញ្ញា សុវត្ថិភាព និងបរិបទសង្គមខ្មែរ មិនគួរយកអារម្មណ៍ ឬការអនុវត្តរបស់បុគ្គលណាម្នាក់មកកំណត់ថាជាស្តង់ដារប្រពៃណីជាតិដោយងាយៗឡើយ។ ទោះបីមិនទាន់មានឯកសារបុរាណណាមួយកំណត់ជាតឹកតាំងថា ត្រូវអុជពីលើចុះក្រោមក៏ដោយ ក៏ការសិក្សារបស់សមូហកធម្មិកជនយើងយល់ថា ការបូជាទៀនពីលើចុះក្រោម មានមូលដ្ឋានគួរឱ្យពិចារណាខ្លាំងជាង ក្នុងទិដ្ឋភាពនៃការដង្ហែតាមលំអានព្រះរាជពិធី ស្មារតីកតញ្ញូកតវេទិតា និងហេតុផលផ្នែកសុវត្ថិភាព។

យ៉ាងណាក៏ដោយ ការសិក្សានេះមិនមានបំណងបដិសេធ ឬប្រមាថការអនុវត្តផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ វាមានបំណងជំរុញឱ្យមានការសិក្សាបន្ថែម ដើម្បីស្វែងរកឯកសារ និងភស្តុតាងប្រវត្តិសាស្ត្រឱ្យបានច្បាស់លាស់ជាងនេះ។

ក្នុងន័យនេះ ប្រសិនបើត្រូវជ្រើសរើសលំអានមួយសម្រាប់ការអនុវត្តជាទម្រង់រួម សមូហកធម្មិកជនយើងមានទស្សនៈថា គួរយកការបូជាទៀនពីលើចុះក្រោមជាលំអានរួម ដោយមានស្មារតីគោរពព្រះរាជពិធី គោរពបុព្វបុរស រក្សាសុវត្ថិភាព និងរក្សាឯកភាពនៃទំនៀមទម្លាប់ខ្មែរ។ ការរក្សាប្រពៃណី មិនមែនគ្រាន់តែរក្សារបៀបដែលអ្នកចាស់ធ្លាប់ធ្វើនោះទេ ប៉ុន្តែគឺការយល់ពីអត្ថន័យរបស់វា ពិនិត្យមូលដ្ឋានរបស់វា និងបន្តអ្វីដែលមានតម្លៃទៅកាន់មនុស្សជំនាន់ក្រោយដោយមានការទទួលខុសត្រូវ៕