សាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនស្ត្រីម្នាក់ជាបណ្តោះអាសន្ន ក្រោយបង្ហោះវីដេអូញុះញង់ និងប្រមាថប្រជាពលរដ្ឋក្នុងខេត្ត
26-08-2026 22:14
(ពោធិ៍សាត់)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ស្ថាប័នអយ្យការ និងចៅក្រមស៊ើបសួរ បានសម្រេចចាត់ការតាមផ្លូវច្បាប់ និងឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទម្នាក់ ដែលបានប្រើប្រាស់បណ្តាញសង្គម TikTok ផ្សព្វផ្សាយវីដេអូមានខ្លឹមសារញុះញង់ បង្កឱ្យមានការរើសអើង និងគុំកួនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។
ជនត្រូវចោទក្នុងសំណុំរឿងនេះមានឈ្មោះ ភី យ៉ាងរី ភេទស្រី អាយុ ២៥ឆ្នាំ ជាម្ចាស់គណនី TikTok ឈ្មោះ 31192083737ayay។
ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង» ប្រព្រឹត្តនៅស្ថិតនៅម្តុំផ្លូវវាងក្រុង ក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដែលបទល្មើសនេះមានចែង និងឱ្យផ្តន្ទាទោសតាម មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា មុននឹងឈានដល់ការឃុំខ្លួននេះ ជនត្រូវចោទបានថត និងផ្សព្វផ្សាយឃ្លីបវីដេអូនៅលើបណ្តាញសង្គម TikTok ដោយបានប្រើប្រាស់ពាក្យពេចន៍ និងខ្លឹមសារអសីលធម៌ ចោទប្រកាន់ និងមើលងាយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ ការចែករំលែក (Share) និងបង្កឱ្យមានការបែងចែកបក្សពួក ការរើសអើង និងការគុំកួនគ្នា។
បន្ទាប់ពីបានធ្វើការសួរចម្លើយជនត្រូវចោទ និងពិនិត្យយ៉ាងហ្មត់ចត់លើភស្តុតាងនានា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
មន្ត្រីតុលាការបានក្រើនរំលឹក និងអំពាវនាវដល់សាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការបង្កើត ឬចែកចាយខ្លឹមសារវីដេអូទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ភាពសុខសាន្តរបស់សង្គម និងការញុះញង់បង្កការរើសអើង ដែលអាចប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរតាមផ្លូវច្បាប់៕


