FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនរបស់ម៉ាឡេស៊ីមួយ មានបំណងបណ្តាក់ទុនវិនិយោគលើវិស័យកែច្នៃស្ករ ស្រូវ និងស្វាយចន្ទីនៅកម្ពុជា

26-08-2026 21:58

(ភ្នំពេញ)៖ ក្រុមហ៊ុនម៉ាឡេស៊ី HOLDING SDN. BHD ដែលធ្វើអាជីវកម្មផ្តោតលើការធ្វើពាណិជ្ជកម្ម និងចែកចាយស្ករនៅម៉ាឡេស៊ី បានបង្ហាញបំណង បណ្តាក់ទុនវិនិយោគលើការផលិតស្ករ កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទីនៅកម្ពុជា ការបង្ហាញបំណងបណ្តាក់ទុនវិនិយោគលើការផលិតស្ករ កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទីនេះ ធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន RENTAS HOLDING SDN. BHD. ដែលដឹកនាំដោយលោក Dato Abdul Halim ប្រធានក្រុមហ៊ុន នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។

គោលបំណងសំខាន់នៃការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងបរិស្ថានវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោក Dato Abdul Halim បានកត់សម្គាល់ឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងសក្តានុពលខ្ពស់របស់កម្ពុជា ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគលើការផលិតស្ករ កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទី។

ជាការឆ្លើយតប លោក ជា វុទ្ធី បានសម្តែងនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាវិនិយោគបង្កើតរោងចក្រកែច្នៃស្វាយចន្ទី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្មកែច្នៃស្វាយចន្ទី និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីឧស្សាហកម្មកែច្នៃស្វាយចន្ទីនេះ។

គណៈកម្មាធិការវិនិយោគកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន RENTAS HOLDING SDN. BHD. ក្នុងករណីក្រុមហ៊ុនសម្រេចបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ​

សូមជម្រាបថា ក្រុមហ៊ុន RENTAS HOLDINGS SDN. BHD. គឺជាក្រុមហ៊ុនឯកជនដែលបានបង្កើត និងចុះបញ្ជីនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២៥ ដែលមានកម្មវត្ថុអាជីវកម្មផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម និងចែកចាយស្ករ ក្នុងទីផ្សារម៉ាឡេស៊ី និងមានគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហការអន្តរជាតិ៕