FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារនីហរ័ណ-អាហរ័ណចិន បង្ហាញជំហររឹងមាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញវិបុលភាពសេដ្ឋកិច្ច

26-08-2026 21:48

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៦ លោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) បានបញ្ជាក់ជំហររឹងមាំក្នុង ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង China Eximbank និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញវិបុលភាពសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Chen Huaiyu ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង China Eximbank ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ។ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនារួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា China Eximbank ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដែលក្នុងរយៈពេលជាង ២ ទស្សវត្សន៍កន្លងមក ទំហំឥណទានសម្បទានពី China Eximbank មានចំនួនសរុបប្រមាណ ៥ ៩០០ លាន ដុល្លារអាម៉េរិក ដោយបានធ្វើហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធរូបវន្តសរុបចំនួន ៧១ គម្រោង ក្នុងនោះ មានវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ចំនួន ៣៨ គម្រោង មានប្រវែងសរុបប្រមាណជាង ៣ ០០០ គម, ស្ពានឆ្លងទន្លេសាបចំនួន ២ កន្លែង, ស្ពានឆ្លងទន្លេមេគង្គចំនួន ៤ កន្លែង, និងស្ពានឆ្លងទន្លេបាសាក់ចំនួន ៤ កន្លែង, វិស័យប្រព័ន្ធធារាសាស្រ្តចំនួន ១៧ គម្រោង, វិស័យអគ្គិសនីចំនួន ១២ គម្រោង ព្រមទាំងវិស័យផ្សេងទៀតចំនួន ៤ គម្រោង ។
​លោក Chen Huaiyu បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានគូសបញ្ជាក់ពីជំហររឹងមាំរបស់ China Eximbank ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការជិតស្និទ្ធបន្តទៀត សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការទាក់ទាញវិនិយោគិនពីវិស័យឯកជន ថាមពលអគ្គិសនី បញ្ញាសិប្បនិម្មិត ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងអាទិភាពនានា ដើម្បីបន្តរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕