FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជួរក្រោយស្រឡាញ់ និងគាំទ្រជួរមុខជានិច្ច! អភិបាលខេត្តពោធិ៍សាត់ ចុះសំណេះសំណាល និងប្រគល់ស្បៀងឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ នៅទិសទី៤ (Video inside)

26-08-2026 16:31

(ពោធិ៍សាត់)៖ ក្នុងបរិបទដែលកងកម្លាំងប្រដាប់អាវុធយើងកំពុងបំពេញភារកិច្ចការពារជាតិយ៉ាងសកម្ម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងទ័ពជួរមុខ នៅកងអនុសេនាធំល្បាតទី៦ កងការពារព្រំដែនគោកលេខ៥០១ ទិសទី៤ យោធភូមិភាគ៥ ប្រចាំការក្នុងឃុំថ្មដា ស្រុកវាលវែង។

នាឱកាសនេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងនាំយកនូវការកោតសរសើរដ៏ជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជូនចំពោះ កងយោធពលខេមរភូមិន្ទទាំងអស់ ជាពិសេសកងទ័ពជួរមុខ ដែលកំពុងប្រចាំការការពារទឹកដីយ៉ាងអង់អាចក្លាហាន។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត តែងតែចងចាំជានិច្ចនូវរាល់ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិតរបស់យុទ្ធជនយើង ដែលហ៊ានពុះពារគ្រប់ឧបសគ្គ មិនថាពេលថ្ងៃ ឬយប់ ក្នុងកំដៅ ឬភ្លៀង ដើម្បីធានាថាប្រជាពលរដ្ឋនៅសមរភូមិក្រោយ អាចរស់នៅបានដោយសុខសន្តិភាព និងការអភិវឌ្ឍ។

លោកបានផ្តាំផ្ញើដល់កងទ័ពជួរមុខទាំងអស់ ត្រូវបន្តរក្សាឱ្យបាននូវស្មារតីម្ចាស់ការខ្ពស់បំផុត ត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលា និងប្តេជ្ញាដាច់ខាតការពារឱ្យបាននូវសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីគ្រប់កិច្ចឈ្លានពានរបស់សត្រូវ ដោយមិនអនុញ្ញាតឱ្យសត្រូវណាមួយមករំលោភបំពានលើទឹកដីនៃមាតុភូមិយើងបានជាដាច់ខាត។

លោកបានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ គោរពបទវិន័យកងទ័ពឱ្យបានខ្ជាប់ខ្ជួន រក្សានូវសីលធម៌ល្អ និងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបង្កើតបានជាកម្លាំងសរុប ក្នុងការការពារជាតិ។

លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជារដ្ឋបាលខេត្ត និងជាកម្លាំងគាំទ្រនៅជួរក្រោយ គឺ "មិនដែលបោះបង់ ឬភ្លេចភ្លាំងចំពោះកងទ័ពជួរមុខនោះឡើយ"។ រដ្ឋបាលខេត្តនឹងបន្តគៀរគរស្មារតី សម្ភារៈ និងថវិកា ដើម្បីផ្តល់ការគាំទ្រជាប់ជាប្រចាំ។

លើសពីនេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់គ្រួសារកងទ័ពនៅជួរក្រោយ ដោយធានាថា គ្រួសារយុទ្ធជនយើងនឹងទទួលបានការឧបត្ថម្ភ និងការគាំពារយ៉ាងដិតដល់បំផុត ដើម្បីឱ្យបងប្អូនកងទ័ពនៅសមរភូមិមុខអាចបំពេញភារកិច្ចការពារជាតិដោយអស់ពីលទ្ធភាព និងគ្មានការព្រួយបារម្ភ។

អំណោយដែលត្រូវប្រគល់ជូនកងទ័ពជួរមុខ នាឱកាសនោះ រួមមាន៖ អង្ករ (២១តោន), សាច់ជ្រូក (១តោន), សាច់គោ (១៧០គីឡូក្រាម), និងពងទា (៦០០គ្រាប់), ទឹកបរិសុទ្ធ (១០៥កេស) និងទឹកក្រូច (៣០កេស), ត្រសក់ (១តោន), ការ៉ុត, ខ្ទឹមបារាំង, ស្ពៃក្តោប, ប៉េងប៉ោះ (មុខទំនិញនីមួយៗចំនួន ២០០គីឡូក្រាម), ត្រឡាច (២០៩គីឡូក្រាម), ក្រូចឆ្មា (១០គីឡូក្រាម) ព្រមទាំងម្ទេស ខ្ញី ជីរណា និងស្លឹកខ្ទឹមជាច្រើនទៀត៕