រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក ចុះទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ខេត្តឧត្តរមានជ័យ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ
26-08-2026 15:51
(ឧត្តរមានជ័យ)៖ លោកស្រី Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេសចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ។
វត្តមានរបស់លោកស្រី Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួនឡើយ»។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្រ្តីចក្រភពអង់គ្លេសនាពេលនេះ មិនត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវរចនាសម្ព័ន្ធអប់រំក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និងទស្សនវិស័យ ទូលំទូលាយទៅកាន់ពិភពលោកអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃការការពារការអប់រំក្នុងតំបន់ជម្លោះ និងការផ្តល់ក្តីសង្ឃឹមថ្មីដល់អនាគតកុមារកម្ពុជានៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខដោយមោទនភាព៕









