FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី UN៖ កម្ពុជា កសាងកំណត់ត្រាដ៏ឆ្នើមក្នុងការរក្សាសន្តិភាព, ២០ឆ្នាំកងកម្លាំងរក្សាសន្តិភាពកម្ពុជា ​ជាង១ម៉ឺននាក់ បានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព​ និងសន្តិសុខអន្តរជាតិ (Video inside)

26-08-2026 15:47

(ភ្នំពេញ)៖ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាបានកសាងកំណត់ត្រាដ៏ឆ្នើមមួយ នៅក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រយៈពេល២០ឆ្នាំ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ជាង១ម៉ឺននាក់ បានបំពេញបេសកកម្មនៅក្នុងប្រទេសចំនួន​១០ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព​ និងសន្តិសុខអន្តរជាតិ។​​​​

ការលើកឡើងរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានធ្វើឡើងក្នុងពិធីបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ជាកងប្ដូរវេន ត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) និងពិធីបំពាក់មេដាយជូនកងរាជអាវុធហត្ថលេខ៨៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨​​​ ទី៣ ដែលបំពេញបបេសកកម្មដោយជោគជ័យ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល​។ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ​ នៅព្រឹកថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២៦នេះ នាទីស្តីការក្រសួងការពារជាតិ។

លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានបញ្ជាក់ថា ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា គឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានសន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។ ការចូលរួមចំណែកនេះ មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីបទពិសោធន៍ដ៏ឈឺចាប់របស់កម្ពុជាពីសង្គ្រាម ដែលធ្វើឱ្យកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព។

ជាមួយគ្នានេះដែរ អ្នកសម្របសម្រួលអង្គការ UN ប្រចាំកម្ពុជា បានបន្តថា តាមរយៈការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ កងកម្លាំងមួកខៀវកម្ពុជា បានក្លាយជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីរក្សាសន្តិភាព និងស្ថិរភាព។ សមិទ្ធផលទាំងនេះ គឺជាមោទកភាពជាតិ និងជាសក្ខីភាពបញ្ជាក់ពីតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក។

លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖​ «ខ្ញុំមានទុកចិត្តថា អ្នកនឹងជម្នះរាល់បញ្ហាប្រឈមនានា នៅខាងមុខដោយភាពក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់ ព្រមទាំងបន្តស្នាដៃដ៏ល្អរបស់កងរក្សាសន្តិភាពកម្ពុជា រាមច្បង និងនាំនូវកិត្តិយសជូនអង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា។ សូមបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ភាពស្មោះត្រង់ មានមោទនភាព ក្នុងនាមជាតំណាងរបស់កម្ពុជា និងជាទូតសន្តិភាព»

មន្ត្រី​ UN រូបនេះ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងកម្ពុជា ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពដោយជោគជ័យ នៅតាមបណ្តាលប្រទេសមានជម្លោះក្រោមឆត្រអង្គការសហប្រជាជាតិ។ ដោយចាត់ទុកការលះបង់របស់កងកម្លាំងកម្ពុជា បានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភាពក្លាហាន មានវិជ្ជាជីវៈ ​និងសេចក្តីថ្លៃថ្នូរ បើទោះបីជាត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងមាតុភូមិក៏ដោយ។ ការបំពេញបេសកកម្មរបស់កងកម្លាំងកម្ពុជា នៅតាមតំបន់គោលដៅ បានប្រឈមនឹងការលំបាក ព្រមទាំងស្ថានភាពមិនប្រក្រតីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុជាដើម។ ប៉ុន្តែ វាជាពេលវេលាបង្ហាញឱ្យឃើញនូវភាពក្លាហានពិតប្រាកដរបស់កងកម្លាំងកម្ពុជា ព្រមទាំងបានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ក្នុងនាមជាអ្នករក្សាសន្តិភាព ដែលបានរួមចំណែកកសាងអនាគតប្រកបដោយសន្តិភាព និងសុវត្ថិភាពដ៏ប្រសើរ។

ទន្ទឹមនឹងនេះដែរ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានបង្ហាញពីមោទនភាពចំពោះសមិទ្ធផលរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា សម្រេចបាននៅក្នុងរង្វង់បេសកកម្មរបស់ខ្លួន។ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានបំពេញបេសកកម្មមិនខ្លាចនឿយហត់ បើទោះបីស្ថិតនៅក្នុងបរិយាកាសមានភាពស្មុគស្មាញ និងគ្រោះថ្នាក់បំផុតនៅលើពិភពលោកក៏ដោយ។ កងកម្លាំងរក្សាសន្តិភាព គឺជាតំណាងឱ្យសាមគ្គីភាពអន្តរជាតិ ការពារសហគមន៍ដែលងាយរងគ្រោះ​ និងជួយបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពប្រកបដោយនិរន្តភាព។

«តាមរយៈការលះបង់ និងការខិតខំប្រឹងរបស់កងកម្លាំងកម្ពុជា បានចូលរួមចំណែកកសាងពិភពលោកដែលមានសុវត្ថិភាព និងសន្តិភាព កាន់តែប្រសើរ។ កម្ពុជា បានកសាងកំណត់ត្រាដ៏ឆ្នើមមួយនៅក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ ក្នុងរយៈពេល ២ទសវត្សមកនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ជាង១ម៉ឺននាក់ បានបំពេញបេសកកម្មនៅក្នុងប្រទេសចំនួន​១០ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព​ និងសន្តិសុខអន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា។

លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានបន្ថែមថា​ អង្គការសហប្រជាជាតិ បានកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការពហុភាគី​ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈប្រតិបត្តិការរក្សាសន្តិភាព។ នៅឆ្នាំ២០២៦នេះ ជាខួប២០ឆ្នាំ នៃការរួមចំណែករបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាតិ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជា ចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការជាសកល។

អ្នកសម្របសម្រួលអង្គការ UN ប្រចាំកម្ពុជា បានអះអាងថា អង្គការសហប្រជាជាតិ ទន្ទឹងរង់ចាំក្នុងការរម្លឹកខួបនៃសមិទ្ធផលរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទររយៈពេល២០ឆ្នាំ នៃការបំពេញបេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា។ កងកម្លាំងជានារីរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែករក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ហើយការចូលរួមរបស់កងកម្លាំងជានារីកម្ពុជា បានជួយពង្រឹងប្រសិទ្ធភាពនៃបេសកកម្ម ពង្រឹងការចូលរួមជាមួយសហគមន៍ និងបានកសាងសន្តិភាពប្រកបដោយបរិយាបន្ន និងនិរន្តភាព។ ការលះបង់របស់កងកម្លាំងកម្ពុជា ជាប្រភពនៃការបណ្តុះស្មារតីសម្រាប់មនុស្សជាតិទាំងអស់គ្នា។

បន្ថែមពីនេះ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវបានទទួលស្គាល់ថាជាប្រទេសសមាជិកអាស៊ានដ៏លេចធ្លោមួយ ក្នុងការជួយជំរុញរបៀបវារៈស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ។ UN សូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការចូលរួមរបស់នារី ក្នុងប្រតិបត្តិការរក្សាសន្តិភាព ជាមួយនឹងការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រីក្នុងប្រតិបត្តិការ​ និងតាមរយៈមូលនិធិគំនិតផ្តួចផ្តើមផងដែរ។ សមិទ្ធផលទាំងនេះបន្សល់ទុកជាមរតកសម្រាប់នារីជំនាន់ក្រោយក្នុងវិស័យរក្សាសន្តិភាព។

គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕