FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បញ្ជាក់នៅចំពោះមន្ត្រី​ UN និងអនុព័ន្ធយោធាបរទេសថា ​កម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍ (Video inside)

26-08-2026 15:43

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនមានបំណងបង្កជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ហើយកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវការជាចាំបាច់នូវសន្តិភាព និងការអភិវឌ្ឍ។

ការបញ្ជាក់នេះបានធ្វើឡើងនៅចំពោះមុខមន្ត្រីអង្គការសហប្រជាជាតិ (UN) និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ដែលជាការបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់កម្ពុជា។ បន្ទាប់ពីយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែនចំនួន២លើក កាលពីឆ្នាំ២០២៥​ ដែលបណ្តាលឱ្យពលរដ្ឋខ្មែរ ស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវភៀសសឹក។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងអំណរគុណលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និងអនុព័ន្ធយោធា​បរទេសជាមិត្ត​ ដែលបានចុះពិនិត្យ​ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងចុះសួរសុខទុក្ខជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមកន្លងមកនេះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជា មានសន្តិភាពយូរឆ្នាំមកហើយ តែនៅឆ្នាំ២០២៥ បែរជាយើងមានការប៉ះទង្គិចជាមួយប្រទេសថៃ នេះសបញ្ជាក់ពីភាពផុយស្រួយនៅតាមព្រំដែនរបស់យើង នៅពេលនយោបាអ្នកជិតខាងយើងមានបញ្ហា។ បញ្ហាសង្គ្រាម គឺមិនអាចឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ប្រទេសជាតិណាមួយនោះទេ។ កម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាមដ៏ជូរចត់ ហើយ​មិនចង់បានសង្គ្រាមនោះ យើងចង់បានតែសន្តិភាព យើងចង់បានការអភិវឌ្ឍ»។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមិនមានបំណងបង្កជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ។ កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវការជាចាំបាច់នូវសន្តិភាព និងស្ថិរភាព ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរម្លឹកថា ប្រទេសកម្ពុជា​ បានឆ្លងកាត់សង្គ្រាមស៉ីវិលដ៏រ៉ាំរ៉ៃរួចមកហើយ ដូច្នេះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា យល់យ៉ាងច្បាស់ពីផលលំបាកដែលបង្កឡើងដោយភ្លើងសង្គ្រាម។ បន្ទាប់ពីទទួលសុខសន្តិភាព ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ជាតិកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម អស្ថិរភាព និងការកសាងសន្តិភាពឡើងវិញ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា កម្ពុជាធ្លាប់ជាប្រទេសទទួលកងកម្លាំងរក្សាសន្តិភាព ប្រែក្លាយជាប្រទេស បញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព និងដើម្បីរក្សាស្ថេរភាព នៃអង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសមួយចំនួនលើសកលលោក។ ក្នុងន័យនេះ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព ហើយមានឆន្ទៈក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន ដើម្បីរួមចំណែកជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា កម្ពុជានឹងបន្តឈរជាមួយសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងក្តីសង្ឃឹមនៅគ្រប់ទីកន្លែងដែលមានតម្រូវការ។ ដោយផ្អែកលើបទពិសោធន៍របស់យើងក្នុងការផ្លាស់ប្តូរពីសង្គ្រាមទៅកាន់សន្តិភាព យើងនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងពិភពលោកដែលមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងមូល។

គួរជម្រាបថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រួមជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ជាកងប្ដូរវេន ត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) និងពិធីបំពាក់មេដាយជូនកងរាជអាវុធហត្ថលេខ៨៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨​​​ ទី៣ ដែលបំពេញបបេសកកម្មដោយជោគជ័យ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល​។

គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕