FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុខរបរចិញ្ចឹមត្រី និងមាន់ស្រែ កំពុងរួមចំណែកជួយលើកស្ទួយជីវភាពកសិករនៅខេត្តព្រៃវែង ឱ្យបានកាន់តែល្អប្រសើរឡើង (Video inside)

26-08-2026 15:20

(ព្រៃវែង)៖ ពីមុខរបរតូចមួយដែលចាប់ផ្តើមដោយកម្លាំង និងការខិតខំប្រឹងប្រែងរបស់គ្រួសារកសិករមួយនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្នុងការចិញ្ចឹមត្រីអណ្ដែង ត្រីឆ្ពិន និងមាន់ស្រែ បានក្លាយជាប្រភពចំណូលមួយដែលជួយទ្រទ្រង់ជីវភាពគ្រួសារ និងជួយសម្រួលដល់ការសិក្សារបស់កូនៗបានយ៉ាងល្អប្រសើរ។

លោកពូ ឈន ខាន ដែលប្រកបមុខរបរចិញ្ចឹមត្រី និងមាន់ស្រែអស់រយៈពេលប្រមាណ ៥ឆ្នាំមកហើយ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នលោកមានស្រះសម្រាប់ចិញ្ចឹមត្រីចំនួន ៦ស្រះ ក្នុងនោះបានដាក់កូនត្រីចិញ្ចឹមចំនួន ៣ស្រះ ដោយមួយស្រះដាក់កូនត្រីប្រមាណ ២០គីឡូក្រាម ខណៈ ៣ស្រះទៀតកំពុងរៀបចំ និងត្រៀមដាក់កូនត្រីបន្ថែម។

លោកពូបានបន្តថា ត្រីដែលចិញ្ចឹមមានដូចជា ត្រីអណ្ដែង និងត្រីឆ្ពិន ដោយកូនត្រីយកពូជមកពីស្រុកពាមរក៍ ខេត្តព្រៃវែង, ការចិញ្ចឹមត្រី គឺផ្តោតលើការថែទាំតាមលក្ខណៈធម្មជាតិ ហើយជាទូទៅអាចប្រមូលផលបានក្នុងរយៈពេលប្រមាណ ៤ខែ អាស្រ័យលើការលូតលាស់ និងការថែទាំ។ ក្រៅពីចិញ្ចឹមត្រី គាត់បានចិញ្ចឹម មាន់ស្រែប្រមាណ ៥០ទៅ ៦០ក្បាល ដោយយកពូជមាន់នៅក្នុងស្រុក។ មាន់ដែលចិញ្ចឹមបានមានអតិថិជនមកទិញជាបន្តបន្ទាប់ ប៉ុន្តែពេលខ្លះក៏ជួបប្រទះបញ្ហាមាន់ឈឺ និងការខាតបង់មួយចំនួនផងដែរ។

លោកពូ ឈន ខាន បានឱ្យដឹងថា ការប្រកបមុខរបរចិញ្ចឹមត្រី និងមាន់ស្រែរយៈពេលជាច្រើនឆ្នាំមកនេះ បានជួយឱ្យជីវភាពគ្រួសាររបស់លោកពូមានភាពធូរធារឡើងមួយកម្រិត និងអាចទុកថវិកាសម្រាប់ឱ្យកូនៗបានបន្តការសិក្សាបន្ថែមទៀតផងដែរ។

តាមរយៈការលើកឡើងរបស់លោកពូ ឈន ខាន បានបង្ហាញឱ្យឃើញថា ការប្រកបមុខរបរចិញ្ចឹមត្រី និងមាន់ស្រែ ទោះចាប់ផ្តើមក្នុងលក្ខណៈគ្រួសារ និងតាមលទ្ធភាពក៏ដោយ ប៉ុន្តែប្រសិនបើមានការខិតខំប្រឹងប្រែង អត់ធ្មត់ និងយកចិត្តទុកដាក់ក្នុងការថែទាំ វាអាចក្លាយជាប្រភពចំណូលមួយដែលជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ មុខរបរនេះប្រជាពលរដ្ឋអាចប្រើប្រាស់ធនធានដែលមាននៅក្នុងមូលដ្ឋាន ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល និងជួយទ្រទ្រង់ជីវភាពគ្រួសារ៕