មន្ទីរសុខាភិបាលខេត្តព្រះវិហារ និងអាជ្ញាធរស្រុករវៀង ចុះផ្សព្វផ្សាយអប់រំសុខភាពស្តីពីជំងឺគ្រុនឈាម និងជំរុញឱ្យពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា
26-08-2026 14:43
(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលស្រុករវៀង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាពស្តីពីជំងឺគ្រុនឈាម ដើម្បីបង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងតំណាងអង្គការដៃគូជាច្រើនរូប។
ក្នុងឱកាសនោះ លោកស្រី ប៉ាង រ៉ាវី បានបញ្ជាក់ឱ្យដឹងថា ការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម មិនមែនជាកាតព្វកិច្ចរបស់មន្ត្រីសុខាភិបាល និងអាជ្ញាធរតែម្នាក់ឯងនោះទេ ប៉ុន្តែទាមទារការចូលរួមពីគ្រប់គ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប។ លោកស្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋសម្អាតបរិវេណជុំវិញផ្ទះ កម្ចាត់ប្រភពទឹកដក់ និងវត្ថុផ្សេងៗដែលអាចក្លាយជាជម្រកមូសខ្លា ដោយចាប់ផ្តើមពីលំនៅដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងជំរុញឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស យកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងគ្រួសារ និងសហគមន៍ ជាពិសេសការសម្អាតបរិស្ថាន និងលុបបំបាត់ជម្រកមូសខ្លាជាប្រចាំ និងបានលើកទឹកចិត្តឱ្យគ្រប់គ្នាក្លាយជាបុគ្គលគំរូ និងគ្រួសារគំរូ ដោយចំណាយពេលត្រឹមតែ ១ទៅ២ម៉ោង ក្នុងការសម្អាតបរិវេណផ្ទះ និងជុំវិញលំនៅដ្ឋាន។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងគូសបញ្ជាក់ថា យើងត្រូវគ្រប់គ្រងសហគមន៍រស់នៅរបស់យើង កុំឱ្យមូសជាអ្នកគ្រប់គ្រងសហគមន៍យើង និងបានអំពាវនាវឱ្យសិស្សានុសិស្សជួយពាំនាំសារអប់រំទៅកាន់ឪពុកម្តាយ បងប្អូន និងប្រជាពលរដ្ឋក្នុងភូមិ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម។
លោក ក៏បានថ្លែងណែនាំឱ្យប្រជាពលរដ្ឋចៀសវាងការទៅទទួលការព្យាបាលពីកន្លែងឯកជនដែលគ្មានជំនាញច្បាស់លាស់ ជាពិសេសការផ្តល់សេរ៉ូម ឬសារធាតុរាវដោយមិនមានការវាយតម្លៃត្រឹមត្រូវ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ។ ក្នុងករណីមានអាការៈគ្រុនក្តៅ ឬសង្ស័យជំងឺគ្រុនឈាម ត្រូវប្រញាប់នាំអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវទាន់ពេលវេលា៕

























