Vietravel Corporation ចាប់អារម្មណ៍សក្តានុពលទេសចរណ៍កម្ពុជា និងពង្រីកកញ្ចប់ទស្សនកិច្ចនៅកម្ពុជា
26-08-2026 14:37
(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា បំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីផ្សព្វផ្សាយសក្តានុពលយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» លើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Nguyễn Quốc Kỳ ប្រធានក្រុមហ៊ុន Vietravel Corporation និងសហការីជាថ្នាក់ដឹកនាំជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោក Nguyễn Quốc Kỳ បានរាយការណ៍ជូនលោករដ្ឋមន្ត្រីអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងស្នើសុំអនុសាសន៍លើការរៀបចំកញ្ចប់ទស្សនកិច្ចថ្មី «ទីក្រុងបុរាណ ៣ ប្រទេស ៣» ព្រមទាំងពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសនោះ ភាគីក្រុមហ៊ុន Vietravel Corporation បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលជំរុញឱ្យក្រុមហ៊ុនមានបំណងពង្រីកកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកប្រធាន និងក្រុមហ៊ុន Vietravel Corporation ដែលបានជឿទុកចិត្តលើសក្តានុពលទេសចរណ៍កម្ពុជា និងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការ និងអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ការយកចិត្តទុកដាក់ និងលើកទឹកចិត្តយ៉ាងខ្លាំង ព្រមទាំងចាត់ទុកជាវិស័យសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង តាមរយៈការរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញដំណើរស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន នៅខេត្តសៀមរាប និងតំបន់ឆ្នេររបស់កម្ពុជា។
ជាងនេះទៅទៀត ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើកញ្ចប់ទេសចរណ៍ «ទីក្រុងបុរាណ ៣ ក្នុងប្រទេស ៣» ដែលភ្ជាប់ទីក្រុងវេ (Huế) នៃប្រទេសវៀតណាម ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហ្លួងព្រះបាង (Luang Prabang) នៃប្រទេសឡាវ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ឆ្លងប្រទេសថ្មី ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិត ព្រមទាំងជំរុញការតភ្ជាប់ជើងហោះហើរថ្មីរវាងទីក្រុងបុរាណទាំង៣។
កញ្ចប់ទស្សនកិច្ចថ្មីនេះ ត្រូវបានរំពឹងថានឹងរួមចំណែកជំរុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេសទាំង៣ និងទាក់ទាញភ្ញៀវទេសចរមកពីទីផ្សារអន្តរជាតិកាន់តែច្រើន៕










