FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

26-08-2026 14:29

(ត្បូងឃ្មុំ-កំពង់ចាម​)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញ​ចុះពិនិត្យជាក់ស្ដែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយមានវត្តមានចូលរួមពីសំណាក់លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បានបណ្តាលឱ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។

ស្ថានភាពនេះធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គមានការហក់ឡើងខ្លាំង បណ្តាល​ឱ្យ​ជន់​លិច​តំបន់មួយចំនួននៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅប្រទេសកម្ពុជាតាមស្ថិតិរបស់ក្រសួងចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ទឹកទន្លេមេគង្គតែងតែឡើងខ្ពស់រហូត ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ទឹកទន្លេមេគង្គមានកម្ពស់ទាប មិនបណ្តាល​ឱ្យ​លិច​លង់​ដល់ភូមិឋានប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែក នៅឆ្នាំ២០២៦ រំហូរទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងខុសពីធម្មតា កម្ពស់ទឹកហក់ឡើងខ្ពស់នៅផ្នែកខាងលើរហូតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន និងបណ្តាលឱ្យមានការជន់លិចនៅតំបន់មួយចំនួនតាមដងទន្លេមេគង្គ។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ បានធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លាំង ជាក់ស្តែងនៅឆ្នាំនេះមានព្យុះរហូតដល់ ២១រួចហើយគិតត្រឹមចុង​ខែ​សីហា ដែលជាធម្មតារៀងរាល់ឆ្នាំចំនួននេះគឺកើតឡើងនៅខែកញ្ញាឬខែតុលា។ មួយវិញទៀត​ កម្ដៅកាន់តែឡើងខ្លាំង កន្លែងខ្លះភ្លៀងខ្លាំង កន្លែងខ្លះអត់ភ្លៀង របាយទឹកភ្លៀងធ្លាក់មិនស្មើគ្នា ហើយភាគច្រើនភ្លៀងធ្លាក់នៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ចំណែកតំបន់ទំនាបកណ្តាលមិនសូវមានភ្លៀង ធ្វើឱ្យជួបប្រទះគ្រោះរាំងស្ងួតក្នុងរដូវវស្សា៕